ពលរដ្ឋត្អូញត្អែរតឹងទ្រូងណាស់ ខណៈចិញ្ចើមផ្លូវ២៣០ កែងផ្លូវ២៣១ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ត្រូវក្រុមអាជីករនិងអ្នករត់តាក់ស៊ី ចតចាប់ម៉ូយទម្លាក់បោះដុំបន្លែយ៉ាងអាណាធិបតេយ្យ ស្ទើរបិទចរាចរណ៍ទាំងស្រុង រកផ្លូវជិះស្ទើរតែមិនបាន កកស្ទះរាល់ថ្ងៃ!
សន្តិសុខសង្គម
2.29K

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ បានសូមណូមពរមកខាង TVFB ឲ្យជួយផ្សាយពីទិដ្ឋភាពនៅចំណុចផ្លូវ២៣០ កែងផ្លូវ២៣១ ដែលស្ថិតនៅក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈចិញ្ចើមផ្លូវទាំងស្រុង បាននិងកំពុងត្រូវបានក្រុមបងប្អូនអាជីវករ និងរត់តាក់ស៊ីមួយចំនួន ឈប់រថយន្តចាប់ម៉ូយ ក៏ដូចជាដាក់លក់បោះដុំរបស់របរ បន្លែផ្លែឈើ ពេញលើចិញ្ចើមផ្លូវយ៉ាងអាណាធិបតេយ្យ គ្មានសណ្តាប់ធ្នាប់ទាល់តែសោះ រកតែផ្លូវជិះស្ទើរតែគ្មាន បិទ​​ចរាចរណ៍​ស្ទើរតែ​ទាំងស្រុង ដែលធ្វើ​​ឱ្យ​មានការ​ថ្នាំងថ្នាក់​ជា​ខ្លាំង ពី​សំណាក់​ប្រជា​ពលរដ្ឋ​ដែល​​ធ្វើ​ដំណើរ​ឆ្លង​កាត់ទីនោះ ​។

ជាក់ស្តែងនៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រោយទទួលបានការផ្តល់ជូនព័ត៌មានខាងលើ ក្រុមការងារ TVFB បានចុះទៅថតផ្តិតយករូបភាពដោយផ្ទាល់ ឃើញនៅចំណុចផ្លូវលេខផ្លូវ២៣០ កែងផ្លូវលេខ២៣១ ចាប់ពីស្តុបកោសដូង ក្នុងភូមិសាស្ត្រ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានបងប្អូនអាជីវករ និងរថយន្តរត់តាក់ស៊ីមួយចំនួន បានរំលោភលើចិញ្ចើមផ្លូវ ដោយយកចិញ្ចើមផ្លូវមកធ្វើជាចំណតចតឡានចាប់ម៉ូយ លក់ដូរ យ៉ាងរំភើយ និងអាណាធិបតេយ្យ គ្មានសណ្តាប់ធ្នាប់ទាល់តែសោះ កន្លែងខ្លះ ពួកគាត់ឈប់ចតលើផ្លូវ បិទចរាចរណ៍ស្ទើរទាំងស្រុងក៏មាន ដូចក្នុងវីដេអូបានបង្ហាញស្រាប់ ហើយពេលដែលអ្នកសារព័ត៌មានចុះទៅថតផ្តិតយករូបភាព ក្រុមអាជីវកទាំងនោះ ហាក់មិនខ្លាចរអា ផ្គើន ហើយថែមទាំងស្រែកមកថា «ហែងថតអាចន៍ស្អីទេ ថតស្អីថតទៅ អញនៅតែលក់ចឹង!» ថែមទៀត ទាំងដែលសកម្មភាពរបស់ពួកគាត់ទាំងនេះ កំពុងបង្កផលពិបាកក្នុងការធ្វើដំណើរដល់បងប្អូនប្រជាពលរដ្ឋយ៉ាងខ្លាំង ។ បើទោះបីជាកន្លងមកអាជ្ញាធរ បានចុះមកធ្វើការរៀបចំសណ្តាប់ធ្នាប់នៅចំណុចផ្លូវមួយខ្សែនេះជាញឹកញាប់ក៏ដោយ តែដូចវែកចក ដដែលៗយូរឆ្នាំមកហើយ នៅពេលអាជ្ញាធរ សមត្ថកិច្ចចុះទៅណែនាំគឺ ពួកគាត់បានចូលរួមអនុវត្តនៅពេលសមត្ថកិច្ចចុះតែប៉ុណ្ណោះ បន្ទាប់មកសមត្ថកិច្ចដកថយគឺពួកគាត់យកបន្លែ និងទំនិញដាក់លក់លើទ្រូងផ្លូវដដែល ។

ជុំវិញបញ្ហានេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ TVFB ឲ្យដឹងថា ចំពោះបញ្ហាសណ្តាប់ធ្នាប់ខាងលើនេះ អាជ្ញាធរខណ្ឌទួលគោក នឹងបើកយុទ្ធនាការចុះរៀបចំសណ្តាប់ធ្នាប់ ក្រោយចូលឆ្នាំប្រពៃណីចិននិងវៀតណាមរួច ហើយកន្លងមក អាជ្ញាធរក៏ធ្លាប់ជូនដំណឹង ឲ្យអាជីវករទាំងអស់បញ្ឈប់ជាបន្ទាន់នូវការដាក់តាំងលក់ ឬឈប់ចត លើចិញ្ចើមផ្លូវសាធារណៈ និងបានគូសគំនូសឲ្យពួកគាត់ ដាក់លក់ឲ្យបានត្រឹមត្រូវផងដែរ ។ មិនតែប៉ុណ្ណោះ កន្លងមកសាលារាជធានីភ្នំពេញ ក៏ធ្លាប់បានចេញនូវណែនាំឲ្យផ្សារដើមគរ និងផ្សារនាគមាស មិនឲ្យយកចិញ្ចើមផ្លូវមកលក់ ឬឈប់ចតទេ ដើម្បីរំដោះចិញ្ចើមផ្លូវ បញ្ចៀសការកកស្ទះ មានសណ្តាប់ធ្នាប់ និងដើម្បីសោភ័ណភាព រាជធានីភ្នំពេញ។

TVFB រង់ចាំមើលថាតើការប្តាជ្ញាចិត្តរបស់ លោក ជា ពិសី អភិបាលខណ្ឌទួលគោក រៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អ ឲ្យរលូន ដើម្បីឲ្យប្រជាពលរដ្ឋលោកងាយស្រួលក្នុងការធ្វើដំណើរបានឬក៏យ៉ាងណា ឬក៏គ្រាន់តែធ្វើសើៗ លំៗ ព្រោះបញ្ហាទាំងនេះកើតឡើងដដែលៗយូរមកហើយ អាជ្ញាធរទៅបាត់ ពួកគាត់មកលក់ដដែល ដូចវែកចក ៕


Telegram