រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន០៧នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ព្រួតគ្នាវាយទៅលើអតីតកីឡាករប្រដាល់ម្នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ំ រតនា នាយនគរបាលប៉ុស្តិ៍ បានស្រាវជ្រាវឃាត់ខ្លួនបាន ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន០៧នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ប្រព្រឹត្តល្មើសនៅចំណុចមុខផ្ទះគ្មានលេខ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនសង្ស័យដែលឃាត់ខ្លួននេះ មានឈ្មោះ ជា ទិត្យ ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ ជាងសាក់រូប ស្នាក់នៅភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី និងកំពុងស្រាវជ្រាវតាមចាប់បក្ខពួកសេសសល់ ៕ អែល មេសា