ខេត្តកណ្តាល ៖បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីបើកទីតាំងនិងល្បែងស៊ីសងខុសច្បាប់(ឆ្នោតវៀតណាមនិងបៀរ) កើតឡើង ស្ថិតក្នុងឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងស្រុកមុខកំពូល បានចុះដល់កន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០១នាក់ ភេទស្រី យកមកអង្គភាពដើម្បីសាកសួរ។ នេះបើយោងតាមផេកផ្លូវការរបស់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល ។
ក្នុងនោះ វត្ថុតាងដកហូតបានរួមមាន ៖ ទូរស័ព្ទ ០១គ្រឿង, បៀរ ១៦ហ៊ូ, កំរាលក្រាលលេងបៀរ ០២, ម៉ាស៊ីនគិតលេខ ០១, ក្រដាសនិងសម្ភារៈកត់កន្ទុយលេខមួយចំនួន, ក្រដាសផួយកត់រួចចំនួន០៨សន្លឹក, ក្រដាសរ៉ាមសម្រាប់កត់០៧ក្បាល, ក្រដាសផ្ដាន០៧សន្លឹក, ប៊ិច០១ដើម និងទឹកលុប០១ដើម ដែលធ្វើឲ្យមហាជនសាទរ និងគាំទ្រ នូវការបង្ក្រាបរបស់ កងរាជអាវុធហត្ថខេត្តកណ្តាល ដែលបានចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន ពិសេសក្នុងភូមិសាស្ត្រខេត្តកណ្តាល ដើម្បីភូមិឃុំ សង្កាត់មានសុវត្ថិភាព ។
បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធីច្បាប់ ៕