រាជធានីភ្នំពេញ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការ ចុះបង្រ្កាបទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង ឃាត់ខ្លួនមនុស្សបាន២៣នាក់ បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី ។
ប្រតិបត្តិការនេះបានធ្វើឡើងតាមបណ្ដោយផ្លូវ១៤៤ កែង១៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោង៨និង២៥នាទីយប់ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤។
បើតាមប្រភពព័ត៌មាន ពីនាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការចុះបង្ក្រាបនេះ គឺអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និង ជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យចុះធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែង ក្នុងខណ្ឌដូនពេញ ។
ភ្លាមនោះកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបង្រ្កាបទីតាំងបង្កប់ល្បែងស៊ីសងខាងលើ និងឈានដល់ការឃាត់មនុស្ស ២៣នាក់ និងដកហូតសម្ភារៈដែលពាក់ព័ន្ធ និងល្បែងស៊ីសង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី។
សូមបញ្ជាក់ថា មួយរយៈនេះបទល្មើសល្បែងស៊ីសង ហាក់កំពុងកើនឡើងមកវិញទៀតហើយ ខណៈល្បែងស៊ីសងទាំងនេះ តែងតែបង្កភាពអសន្តិសុខក្នុងមូលដ្ឋាន បង្កើតបានជាបទល្មើស ចោរលួច ឆក់ ប្លន់ គ្រឿងញៀនជាដើម ដែលចាំបាច់សមត្ថកិច្ចជំនាញ ចាត់វិធានការចុះបង្ក្រាប ឲ្យដូចភ្លៀងរលឹម ដើម្បីភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ជូនប្រជាពលរដ្ឋ ៕ Mrr Ka