ចូលឆ្នាំចិនសង្ស័យដាច់យ៉ៃ ជនសង្ស័យភេទទី៣ម្នាក់ លួចម៉ូតូគេម្តង២គ្រឿង ផ្អើលសមត្ថកិច្ចចា..ប់បានទាំងព្រឹក!
សន្តិសុខសង្គម
128

រាជធានីភ្នំពេញ ៖ ដល់ថ្ងៃចូលឆ្នាំចិនទៅហើយ សង្ស័យដាច់យ៉ៃខ្លាំង ជនសង្ស័យជាភេទទី៣ម្នាក់ បែកគំនិត លួចម៉ូតូធូដេ របស់គេបានសម្រេច រួចបន្តជិះម៉ូតូធូដេ ដែលលួចបាននេះ មកប្លុងចោល ព្រោះពិបាកជិះពេក ហើយក៏លួចយកម៉ូតូស៊ុយសាគីនិចគេមួយគ្រឿងទៀត តែស៊យ ចំពេលគ្រួសារគេមកទាន់ឃើញ ក៏ស្រែកចោរៗ ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ជើងឯក និងខណ្ឌដង្កោ ឃាត់ខ្លួនបានតែម្តង ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៦ និង ៤០នាទី ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅ ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ គល់ សិដ្ឋ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ក្នុងនោះវត្ថុតាងចាប់យកបានរួមមាន ៖ ម៉ូតូម៉ាក ZUZUKI NEX 110 ពណ៌ស សេរីឆ្នាំ ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ 1FG-7663 ចំនួន០១គ្រឿង (របស់ជនរងគ្រោះឈ្មោះ អឿន វណ្ណៈ), ទូរសព្ទម៉ាក OPPO ពណ៌ខៀវ (ទូរសព្ទចាស់) ចំនួន០១គ្រឿង ,ម៉ូតូម៉ាកធូដេ ពណ៌ក្រហម ពាក់ផ្លាកលេខ កណ្តាល 1U-2365 (របស់ជនរងគ្រោះឈ្មោះ កុយ សុគា) ។

ចំណែកជនរងគ្រោះ មានចំនួន២នាក់រួមមាន ទី១ឈ្មោះ អឿន វណ្ណៈ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅ ភូមិស្រុកចេក សង្កាត់ជើងឯកខណ្ឌដង្កោ រាជធានីភ្នំពេញ ​, ជនរងគ្រោះទី០២ឈ្មោះ កុយ សុគា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ អឿន វណ្ណៈ បានទុកម៉ូតូ០១គ្រឿងម៉ាក ZUZUKI NEX 110 ពណ៌ស សេរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ1FG-7663 នៅក្នុងផ្ទះជាន់ផ្ទាល់ដីស្ថិតនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ ដោយពុំបានចាក់សោរទ្វារផ្ទះត្រឹមត្រូវ និងមានកូនៗរបស់ជនរងគ្រោះឈ្មោះ អឿន វណ្ណៈ នៅចាំផ្ទះ ដោយឡែកជនរងគ្រោះក៏បានជិះម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅសេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1JC-9982 ចេញទៅធ្វើការរោងចក្រ។ រហូតដល់វេលាម៉ោង០៦និង៤០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញជនសង្ស័យ ធ្វើសកម្មភាពលួច ZUZUKI NEX របស់គាត់ បណ្តើរចេញពីក្នុងផ្ទះ ទើបស្រែកឆោឡោថាចោរៗ ផ្អើលអ្នកជិតខាងបានជួយចាប់ឃាត់ ស្របពេលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក កំពុងជិះម៉ូតូល្បាតក្បែរកន្លែងកើតហេតុបានជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងមកធ្វើការសាកសួរ ។

ក្រោយការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះឈ្មោះ អឿន វណ្ណៈ ប្រាកដមែន ហើយជនសង្ស័យក៏បានធ្វើសកម្មភាពលួចម៉ូតូម៉ាក ធូដេ ពណ៌ក្រហម ពាក់ផ្លាកលេខកណ្តាល1U-2365 របស់ជនរងគ្រោះឈ្មោះ កុយ សុគា ភេទស្រី អាយុ៣៨ឆ្នាំ ម្នាក់ទៀត ត្រង់ចំណុចឃ្លាំងដាក់អីវ៉ាន់ ស្ថិតនៅភូមិស្រុកចេក សង្កា់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង២០និង៤០នាទី ថ្ងៃខែឆ្នាំដដែល បានសម្រេច ដោយយកម៉ូតូធូដេនេះ ទៅផ្លុងចោលនៅក្បែរផ្ទះប្រជាពលរដ្ឋ ក្នុងភូមិស្រុកចេកខាងលើ ទើបសមត្ថកិច្ច នាំជនសង្ស័យទៅចាប់យកវត្ថុតាង ម៉ូតូម៉ាក ធូដេ ពណ៌ក្រហម នោះ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯកតាមនីតិវិធីច្បាប់ ។

ទើបជនរងគ្រោះទាំង២នាក់ បានដាក់ពាក្យបណ្ដឹងចំឈ្មោះជនសង្ស័យ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់តែម្តង ៕ អែល វិចិត្រ


Telegram