រាជធានីភ្នំពេញ ៖ បុរសជនជាតិចិន២នាក់ បើករថយន្ត Toyota Alphard ស៊េរីទំនើប បើកបុករះត្រូវរម៉កដឹកអេតចាយ និងការ៉េមកី រួចបន្តទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកើតឡើងតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ វេលាម៉ោង៤ ទៀបភ្លឺ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ ប្រុសជនជាតិចិន២នាក់ បើករថយន្ត Toyota Alphard ស៊េរីទំនើប ដែលពាក់ស្លាកលេខ ភ្នំពេញ 2CC 7828 បើកតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង មកដល់កន្លែងកើតហេតុ ក៏បើកបុករះត្រូវរម៉កដឹកអេតចាយនិងការ៉េមកី បន្តទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចក៏បានមកដល់ បានធ្វើការវាស់វែង យករថយន្តយកទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយទៀតតាមច្បាប់បន្តទៀត ៕ Mrr Ka