រាជធានីភ្នំពេញ ៖ ថ្ងៃចូលឆ្នាំចិន អគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែង នៅជាន់ទី២ ម្តុំផ្សារចាស់យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ និងកងកម្លាំងបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ មានទាំងរថយន្តជណ្តើរយោង ចុះមកអន្តរាគមន៍ភ្លាមនៅទីតាំងកើតហេតុ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ ៧៣E២ ផ្លូវ ១១៨ ភូមិ៦ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ផាន់ នៅ ភេទ ប្រុស អាយុ ៧០ឆ្នាំ មុខរបរ មន្រី្តចូលនិវត្តន៍។
សមត្ថកិច្ចបញ្ជាក់ទៀតថា ការឆាបឆេះនេះបណ្តាលឲ្យមកពីឆ្លងចរន្តអគ្គិសនី បានឆេះទីតាំងប្រភេទ ថ្មបេតុងទំហំ ០៤ម៉ែត្រ x១៨ម៉ែត្រ ខូចខាតអស់ចំនួន ០១ល្វែង រួមទាំងសម្ភារៈអស់ទាំងស្រុង ហើយបណ្តាលឲ្យឆេះរាលដល់ផ្ទះលែ្វងជាន់ទី៣ ខូចខាតចំនួន ០១បន្ទប់ និងសម្ភារៈមួយចំនួន តែទោះបីជាយ៉ាងណាក្នុងហេតុការណ៍នេះ គ្មាននរណាម្នាក់រងរបួសនោះទេ ។
ជុំវិញប្រតិបត្តិការនេះ រថយន្តការិយាល័យអគ្គិភ័យបានចេញរថយន្តអន្តរាគមន៍នៅទីតាំងកើតហេតុ ចំនួន ១៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៤ឡាន ស្មើនឹង ៥៦ម៉ែត្រគូប និងមានរថយន្តជំនួយអន្តរាគមន៍រួមមាន ៖
-រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រចំនួន ០៣គ្រឿង ប្រើប្រាស់អស់ចំនួន ០៣ឡាន ស្មើនឹង ១៨ម៉ែត្រគូប ។
-រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប ។
-រថយន្តអគ្គិភ័យទីក្រុងនរាចំនួន ០១គ្រឿង ពុំប្រើប្រាស់ទឹក រហូតរលត់ទៅវិញនៅវេលាម៉ោង ៦និង៣០នាទីល្ងាច នាថ្ងៃខែ ឆ្នាំដដែល ៕ អែល វិចិត្រ