រាជធានីភ្នំពេញ ៖ យុវជនម្នាក់ ជិះម៉ូតូវ៉ាជែងជាមួយម៉ូតូមួយគ្រឿងទៀត មិនផុត ជ្រុលទៅបុកគូទរថយន្តពីក្រោយ បណ្តាលអោយបាក់កស្លាប់ភ្លាមៗ ។
ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង ០៤ និង ២៥នាទីល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើបណ្តោយផ្លូវជាតិលេខ០៦អា ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
សាច់ញាតិបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ម៉ាប់ ជេម អាយុ២១ឆ្នាំ ស្នាក់នៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
តាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញយុវជនម្នាក់បើកបរម៉ូតូ ម៉ាក Move ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CZ-2226 បើកបរទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែយុវជនខាងលើបានឡើងវ៉ាជែង ជាមួយម៉ូតូមួយគ្រឿងមិនផុត បានជ្រុលចង្កូតទៅបុកពីក្រោយ រថយន្តមួយគ្រឿង ម៉ាក ឡិចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-3376 ដែលបានចតទុកចោលលើចិញ្ចើមផ្លូវយ៉ាងពេញទំហឹង បណ្តាលអោយបាក់កស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុទេម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីមកយកសពយកទៅធ្វើបុណ្យ ។ ចំណែក ម៉ូតូនិងរថយន្ត ត្រូវបានសមត្ថកិច្ចចរាចរណ៏ក្រុង យកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ ៕ មេសា