រាជធានីភ្នំពេញ ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះនៅយប់ថ្ងៃសៅរ៍ឲ្យដឹងថា មេធាវីដែលជាជនដៃដល់ បា ..;ញ់ សម្លា ..;ប់ សង្សារ លក់អនឡាញ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានទទួលមរណភាពហើយ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នៅវេលាម៉ោង០៥:៣០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើកោសលវិច័យ នឹងប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។
សូមរំលឹកផងដែរថា ករណីឃាតកម្មដ៏សាហាវ និងរន្ធត់មួយបានកើតឡើង មុនចូលឆ្នាំចិនមួយថ្ងៃប៉ុណ្ណោះ បង្កការភ្ញាក់ផ្អើលនិងស្លុតចិត្តខ្លាំងនៅលើបណ្តាញសង្គម ខណៈជនដៃដល់ជាខ្មាន់កាំភ្លើង ជាអតីតសង្សារនិងមានមុខរបរជាមេធាវី បានបើករថយន្តតាមពីក្រោយ រថយន្តរបស់នារីអតីតសង្សាររបស់ខ្លួន ហើយចុះពីលើរថយន្តដកកាំភ្លើង បាញ់សម្លាប់នាងយ៉ាងព្រៃផ្សៃ បន្ទាប់មកក៏បាញ់ខ្លួនឯងតាមក្រោយ។
តាមរបាយការណ៍លម្អិតពីសមត្ថកិច្ចជំនាញ ដែលផ្តល់ជូនក្រុមការងារTVFB បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២០និង៤០នាទី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ចំណុចនៅលើចិញ្ចើមផ្លូវលេខ១៩៦៦ មុខគ្លីនិកភ្នែកកុមារមេត្តា ផ្ទះលេខ៣៧,៣៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនដៃដល់ជាខ្មាន់កាំភ្លើង មានឈ្មោះ ទូច វឌ្ឍនៈ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមេធាវី ទីលំនៅផ្ទះលេខ១១ ផ្លូវលេខ២១៣ ភូមិ៨ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ចំណែកនារីរងគ្រោះដែលស្លាប់ មានឈ្មោះ អែម សុវីដែត ភេទស្រី អាយុ២៥ឆ្នាំ មុខរបរលក់អនឡាញ ទីលំនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ស្នាក់នៅក្នុងបុរីប៉េងហួត ផ្ទះលេខ៦ ផ្លូវលេខ៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជុំវិញករណីនេះ គេឃើញមានសមត្ថកិច្ចជំនាញចម្រុះ បានចុះមកដល់ទីតាំងកើតហេតុ ភ្លាមៗផងដែរ ។ ក្នុងនោះ ស្លាកស្នាមវត្ថុតាងប្រមូលចាប់យក នៅទីតាំងកើតហេតុ រួមមាន ៖ កាំភ្លើងខ្លី១ដើមម៉ាកCZ P07 លេខD134139, គ្រាប់កាំភ្លើងចំនួន៨គ្រាប់, សំបកគ្រាប់កាំភ្លើងចំនួន៥សំបក, ក្បាលគ្រាប់កំពិត១។
របាយការណ៍បានបញ្ជាក់ថា យោងតាមការបំភ្លឺពីឈ្មោះ ជ័យ ណាវី ភេទស្រី អាយុ៤៦ឆ្នាំ ជាម្ដាយបង្កើតជនរងគ្រោះបានឲ្យដឹងថា កូនស្រីគាត់ និងជនសង្ស័យត្រូវជាសង្សារនឹងគ្នា, នៅអំឡុងខែ១១ ឆ្នាំ២០២៣ កូនស្រីគាត់បានសុំបែកគ្នាជាមួយជនសង្ស័យ ព្រោះលោកមេធាវីមានប្រពន្ធរួចហើយ ប៉ុន្តែទំនាក់ទំនងអ្នកទាំង២ ឈានដល់ធ្វើកិច្ចព្រមព្រៀងមួយច្បាប់ បញ្ចប់បញ្ហាជាមួយគ្នា តែជនសង្ស័យបែរជាគំរាមសម្លាប់កូនស្រីគាត់ និងក្រុមគ្រួសារផងដែរ។ លុះនៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ កូនស្រីគាត់ ក៏បានបើករថយន្តម៉ាកFORD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AR-4896 ទៅទទួលគាត់នៅបេនឡាន រួចជូនគាត់ជាម្តាយទៅលេងផ្ទះបងប្អូននៅទួលទំពូង, រហូតដល់វេលាម៉ោងប្រហែល២០នឹង៣០នាទី ថ្ងៃដដែល កូនស្រីគាត់ បានបើករថយន្តជាមួយគាត់ជាម្តាយ មកដល់មុខបុរីប៉េងហួត ដើម្បីចូលទៅក្នុងបុរី ស្រាប់តែជនសង្ស័យបានបើករថយន្តម៉ាកMG ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BS-8007 មកឈប់មុខក្លោងទ្វារចូលបុរី ទើបកូនស្រីគាត់ បើករថយន្តមកមុខបន្តិច ដោយជនសង្ស័យបើកតាមពីក្រោយ ពេលឈប់រថយន្តនៅចិញ្ចើមផ្លូវកូនស្រីគាត់ ក៏បានចុះពីលើរថយន្ត ហើយជនសង្ស័យក៏បានចុះពីលើរថយន្តដែរ រួចជនសង្ស័យបានដកកាំភ្លើងបាញ់ទៅលើកូនស្រីគាត់ ហើយគាត់ក៏បានចុះពីលើរថយន្ត រួចជនសង្ស័យក៏បានបាញ់ខ្លួនឯងបណ្ដាលឲ្យដួល ទើបគាត់ជាម្តាយ រត់ទៅរកគេឲ្យជួយ ក្រោយមកក៏មានសមត្ថភាពមកដល់។
តាមការមើលកាំមេរ៉ាសុវត្ថិភាពឃើញ នៅវេលាម៉ោងកើតហេតុនោះ ជនរងគ្រោះបានបើករថយន្តមកឈប់នៅចិញ្ចើមផ្លូវ ដោយជនសង្ស័យបានបើករថយន្តតាមពីខាងក្រោយរួចឈប់នៅខាងក្រោយរថយន្តជនរងគ្រោះ ហើយជនរងគ្រោះបានចុះពីលើរថយន្តដើរទៅរករថយន្តជនសង្ស័យ ហើយជនសង្ស័យបានចុះពីលើរថយន្តបាញ់ទៅលើជនរងគ្រោះបណ្ដាលឲ្យដួល រួចបាញ់បន្ថែមទៅលើជនរងគ្រោះ ហើយជនសង្ស័យបានបាញ់ខ្លួនឯងបណ្ដាលឲ្យដួលតែម្តង។
តាមការពិនិត្យនៅលើចិញ្ចើមផ្លូវលេខ១៩៦៦ មុខគ្លីនិកភ្នែកកុមារមេត្តា ឃើញមានរថយន្តចំនួន២គ្រឿង នៅខាងក្រោយគូទរថយន្តជាប់មានរថយន្ត១គ្រឿងទៀត រថយន្តបញ្ឆេះបើកភ្លើង ហើយនៅលើថ្នល់ក្បែររថយន្តរកឃើញសំបកគ្រាប់កាំភ្លើងពណ៌ទឹកប្រាក់ចំនួន៥សំបក លេខគូទNRC LUGER 9mm ទំហំ៩x១៩mm, នៅលើចិញ្ចើមផ្លូវពីខាងត្បូងរថយន្ត ឃើញមានកាំភ្លើងខ្លី១ដើមម៉ាកCZ P07 លេខD134139, ក្នុងកាណុងមានគ្រាប់កាំភ្លើង១, នៅក្នុងបង់មានគ្រាប់កាំភ្លើងចំនួន៧គ្រាប់ ញញួរបើក, កាំភ្លើងប្រឡាក់ឈាម, នៅពីខាងលិចកាំភ្លើងឃើញមានសាកសពមនុស្សស្រីម្នាក់ស្លាប់ផ្ងារ នៅលើថ្លុកឈាម សពពាក់អាវយឺតដៃខ្លី ផ្ទៃអាវខាងមុខមានស្នាមធ្លុះ២កន្លែង, ខ្នងអាវមានស្នាមធ្លុះ៣កន្លែង, នៅក្នុងអាវជាប់ខ្នងមានក្បាលគ្រាប់កំពិត១, ស្លៀកខោជើងវែង នៅចង្កេះខោខាងឆ្វេងមានស្នាមធ្លុះ១កន្លែង ធ្លុះដល់ខោទ្រនាប់ខាងក្នុង, សាកសពមានសភាពទន់ ខ្លួនប្រាណខោអាវប្រឡាក់ឈាម សពត្រូវចំនួន៤គ្រាប់ រួមមាន៖
- ស្នាមទី១ ត្រូវក្បាលខាងស្ដាំធ្លាយចេញនៅ ក្បាលខាងឆ្វេង។
- ស្នាមទី២ ត្រូវថ្ពាល់ខាងឆ្វេងធ្លាយចេញទៅចង្ការខាងឆ្វេង ចូលបន្តទៅឆ្អឹងដងកាំបិតខាងឆ្វេង រួចធ្លាយចេញនៅខ្នងខាងស្ដាំ។
- ស្នាមទី៣ ត្រូវលើពោះធ្លាយចេញនៅចំហៀងខ្លួនខាងស្ដាំ។
- ស្នាមទី៤ ត្រូវលើត្រគៀកខាងឆ្វេងធ្លាយចេញនៅខ្នងខាងស្ដាំ ៕