ខេត្តមណ្ឌលគិរី៖ គ្រោះអគ្គិភ័យមួយបានកើតឡើង ដោយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង ខ្ទេចទាំងស្រុង កាលពីថ្ងៃសៅរ៍ទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នាវេលាម៉ោង ០៨ និង ៣០នាទី នៅភូមិស្រែ អណ្តោលឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ នេះបើយោងតាមផេកផ្លូវការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ។
យោងតាមរបាយការណ៍ពី លោកអធិការនគរបាល ស្រុកកែវសីមាបានបញ្ជក់ថា ផ្ទះប្រជាពលរដ្ឋដែលត្រូវអគ្គីភ័យឆាបឆេះមានឈ្មាះ ញីន ខេង ភេទប្រុស អាយុ២៩ ឆ្នាំ ជនជាតិព្នង សញ្ជាតិ ខ្មែរមុខរបរកសិករ។ ប្រពន្ធឈ្មោះ ដេត វង ភេទស្រី អាយុ២៤ ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មុខរបរកសិករ។ ផ្ទះដែលត្រូវអគ្គភ័យឆាបឆេះមាចំនួន ០១ខ្នង ដែលមានទំហំ (០៧×០៩ម៉ែត្រ)ធ្វើអំពីឈើជញ្ជាំងក្ដារ ដំបូលប្រក់ក្បឿង។
សម្ភារ:ដែលបានខូចខាតរួមមានដូចខាងក្រោម៖ ម៉ាស៊ីនកិនស្រូវ ចំនួន ០១គ្រឿង។ ម៉ាស៊ីនគោយន្តកន្ត្រៃ ចំនួន ០១គ្រឿង។ ម៉ាស៊ីនរណាយន្ត ចំនួន០១គ្រឿង។ ផ្ទាំងសឡាចំនួន០១ ។អាគុយចំនួន០១។ ស្រូវចំនួន២៨ បេ។ ថ្នាំបាញ់ស្មៅចំនួន ០៣កាដុង។ ប្រេងសាំង ចំនួន ០១កាន។ លុយក្នុងកូនជ្រូក ចំនួន ៣០ម៉ឺនរៀល និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមួយ ចំនួនទៀត។
ករណីអគ្គិភ័យខាងលើនេះ តបតាមការរៀបរាប់របស់ម្ចាស់ផ្ទះបានបញ្ជក់ថា (គឺបណ្ដាលមកពីការដាំបាយធ្វើម្ហូបរួចគាត់ពុំបានពន្លត់ភ្លើងចង្រ្កាន រួចក៏បិទទ្វារផ្ទះហើយនាំគ្នាទៅចំការទុកផ្ទះចោលដោយគ្មានមនុស្សនៅ។ ករណីអគ្គិភ័យខាងលើនេះបានកើតហេតុឡើង នៅក្នុងតំបន់ឆ្ងាយដាច់ស្រយ៉ាលហើយផ្ទះនៅឆ្ងាយដាច់ស្រយ៉ាលពីផ្ទះប្រជាពលរដ្ឋផ្សេងទៀតព្រមទាំងគ្មានប្រព័ន្ធសេវាទូរស័ព្ទសម្រាប់ទាក់ទង (សេវាតេ ទាក់ទងដល់កម្លាំងសមត្ថកិច្ចបានឡើយដែលជាហេតុនាំឳ្យកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រែឈូកទទួលបានព័ត៌មានមានការយឺតយ៉ាវនិងមិនបានចុះទៅជួយទាន់ពេលវេលា។
ក្រោយពីទទួលព័ត៌មាននេះភ្លាមកម្លាំងប៉ុស្តិ៍នគរបាលស្រែឈូក បានចុះទៅដល់ទីតាំងកើតហេតុនេះតែម្តងហើយក៏បានពិនិត្យ ពិតជាមានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋពិតប្រាកដមែន៕