រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១១និង១០នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ៦០ម៉ែត្រ ឈ្មោះHUANG PENG ភេទប្រុស ជនជាតិចិន មុខរបរ អ្នកត្រួតពិនិត្យបច្ចេកទេសយានយន្តនៅម្ដុំអូឡាំផ្ចារ ខណ្ឌ៧មករា នៅចំណុចបុរី R & F ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។
សូមបញ្ជាក់ថា ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង១៩និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ ត្រង់ចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលអោយមនុស្សប្រុស០២នាក់ ក្នុងនោះមានក្មេងម្នាក់ជាកូន និងបុរសជាឪពុក រងរបួសស្រាល និងក្មេងស្រីម្នាក់ដែលជាកូន ស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរគន្ធបុប្ផា ។
ករណីនេះ ភ្លាមៗភាគីរថយន្ត ពុំស្គាល់ម៉ាក និងផ្លាកលេខ បើកគេចពីកន្លែងកើតហេតុបាត់ ។ ចំណែកភាគីម៉ូតូម៉ាក HONDA CUB ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1AV.8317 បើកបរឈ្មោះ សោម សីហាក់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (រងរបួសស្រាលសម្រាកនៅគ្លីនិកឯកជនមានជ័យ១) ឌុបកូនស្រីឈ្មោះ សោម ម៉ូនីកា អាយុ១០ឆ្នាំ មុខរបរសិស្ស (ស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា និងកូនប្រុសអាយុ៣ឆ្នាំម្នាក់ទៀត ឈ្មោះ សោម បញ្ញា (រងរបួសស្រាលសម្រាកនភគ្លីនិកឯកជនមានជ័យ១) ក្នុងទិសដៅ ពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែត្រូវរថយន្តដែលបើកស្របគ្នា បុកម៉ូតូពីក្រោយពេញមួយទំហឹងបណ្ដាលអោយបោកដួល តែម្ដង ដោយឪពុកកូនប្រុសអាយុ៣ឆ្នាំ របួស រីឯកូនស្រីអាយុ១០ឆ្នាំស្លាប់ ហើយរត់គេចខ្លួនបាត់ ត្រូវសមត្ថកិច្ចបើកការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាព រហូតរកឃើញរថយន្តបង្ក ៕