រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រុមជនសង្ស័យចំនួន៧នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបាន ពាក់ព័ន ករណីកាប់ប្លន់ជនជាតិបរទេស នៅខណ្ឌសែនសុខ។
សូមបញ្ជាក់ថា កាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០៤និង០០នាទី មានករណីប្លន់ (ប្រើកាំបិតកាប់ទៅលើបុរសជនជាតិកូរ៉េ ឲ្យរងរបួសត្រង់ចំណុចថ្ពាល់ខាងឆ្វេង ដើម្បីប្លន់យកទ្រព្យសម្បត្តិ)។
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លុះដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៥៖៣០នាទី កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ដូចខាងក្រោម៖
១. ឈ្មោះ ពេញ សុភណ្ឌ ភេទប្រុស អាយុ១៦ឆ្នាំ
២. ឈ្មោះ ណុប ដាវីត ភេទប្រុស អាយុ១៥ឆ្នាំ
៣. ឈ្មោះ ផល សម្ភស់ ភេទប្រុស អាយុ១៥ឆ្នាំ
៤. ឈ្មោះ សុខ ធាសុភា ភេទប្រុស អាយុ១៥ឆ្នាំ
៥. ឈ្មោះ ហាក់ ម៉េងឈី ភេទប្រុស អាយុ១៦ឆ្នាំ
៦. ឈ្មោះ សម្បត្តិ សន្យា ភេទប្រុស អាយុ១៥ឆ្នាំ
៧. ឈ្មោះ អាន ដេវីត ភេទប្រុស អាយុ១៦ឆ្នាំ
ត្រង់ចំណុច ផ្លូវបេតុង ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយពីការសាកសួរជនសង្ស័យទាំង៧នាក់ សុទ្ធតែមានការពាក់ពន្ធនឹងអំពើកាប់ប្លន់ក្នុងរាជធានីភ្នំពេញកន្លងមក។ ដោយឡែកក្នុងចំណោមជនសង្ស័យទាំង៧នាក់ មានជនសង្ស័យម្នាក់ គឺបានចូលរួមប្រព្រឹត្តបទល្មើសកាប់ប្លន់ទៅលើជនជាតិកូរ៉េ កាលពីថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៤ រួមទាំងបក្ខពួកផ្សេងទៀត។
បច្ចុប្បន្ននាយកដ្ឋានបានប្រគល់ឲ្យទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕