ខេត្តតាកែវ ៖ ក្មេងទំនើង២នាក់ បង្ហោះម៉ូតូអួតគេថាខ្លួនឯងឡូយ លើផ្លូវជាតិលេខ២ ត្រូវបានសមត្ថកិច្ចស្រុកទ្រាំង ខេត្តតាកែវ បង្ក្រាបបានឲ្យលើកម៉ូតូសែងជុំវិញដងទង់ជាតិ រួចស្រែកថា ខ្ញុំឈប់បង្ហោះម៉ូតូទៀតហើយ ។ នេះបើយោងតាមផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលស្រុកទ្រាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងមានការអនុញ្ញាតពី លោកវរសេនីយ៍ទោ កប សេម អធិការ នៃអធិការដ្ឋាននគរបាលស្រុកទ្រាំង នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ ប៉ិច វណ្ណា អធិការរង ទទួលការងារផ្នែកព្រហ្មទណ្ឌស្រុក បានដឹកនាំកម្លាំងអន្តរាគមន៍ ចុះបង្រ្កាបក្មេងទំនើងចំនួន២នាក់ ដែលបានបង្ហោះម៉ូតូនៅលើបណ្ដាយផ្លូវជាតិលេខ២ ស្ថិតនៅក្នុងឃុំព្រៃស្លឹក ស្រុកទ្រាំង យកមកអធិការដ្ឋាន ដើម្បីធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យា ផងដែរក៏បានអញ្ជើញអាណាព្យាបាល មកអធិការដ្ឋាននគរបាលស្រុក ៕