រាជធានីភ្នំពេញ៖ ផ្ទហប្រជាពលរដ្ឋជាង១០ខ្នងឯណោះ ត្រូវបានអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ ហ៊ុយផ្សែងត្របាញ់ឡើងលើអាកាស ផ្អើលខ្លះជញ្ជូនអីវ៉ាន់រត់ ខ្លះនាំកូនចៅរត់ ខ្លះទាញទុយោទឹកបាញ់ទប់ផ្ទះ ខ្លះទៀតជាគ្រូបង្រៀន កំពុងបង្រៀនសិស្សគេតេប្រាប់ថា ភ្លើងឆេះផ្ទះអស់ហើយប្រញាប់មក ទុកកូនសិស្សចោលនៅសាលា ប្រញាប់មកមើលផ្ទះ លើកដៃសំពះ សុំឲ្យជួយគាត់ផង ខណៈរថយន្ត ពន្លត់អគ្គីភ័យ ជាច្រើនគ្រឿង គ្រប់គោលដៅទាំងអស់ក្នុងរាជធានីភ្នំពេញ ចេញទៅអន្តរាគមន៍បាញ់ពន្លត់ជាបន្តបន្ទាប់ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១និង២០នាទីរសៀល ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅ ភូមិចុងខ្សាច់ ក្រុមទី១២ សង្កាត់ទួលសងែ្កទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមរបាយការណ៍ពីសមត្ថកិច្ចជំនាញបានឲ្យដឹងថា ភ្លាមៗ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជារទៅកាន់ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅទាំងអស់ដែលនៅកៀកទីតាំងដែលឆាបឆេះ ប្រញាប់ចេញទៅអន្តរាគមន៍ ជាបន្ទាន់ ។ ក្នុងនោះក៏មានទាំងរថយន្តជណ្តើរយោងផងដែរ និងមានវត្តមានរបស់ លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ ក៏ចុះមកដល់ផ្ទាល់ផងដែរ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងដែលឆេះមាន ឈ្មោះ ទុយ ឆេងលីម ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខែ្មរ មុខរបរ: រត់ម៉ូតូ ចំណែកមូលហេតុបណ្តាលមកពី បើកហ្គាសចំអិនអាហារ បង្កជាអគិ្គភ័យ បនញតាលឲ្យឆេះផ្ទះឈើប្រក់សង្ក័សី ៥ទំហម៉ែត្រ x១៥ម៉ែត្រ បន្តរាលដាលឆេះផ្ទះអស់ចំនួន១០ខ្នង ខ្ទេចអស់ទាំងស្រុង និងឆេះរាលដាលដល់ផ្ទះចំនួន០៣ខ្នងទៀតខូចខាតអស់ចំនួន៦០%។
ភ្លាមៗ រថយន្តការិយាល័យអគ្គិភ័យ ចំនួន ២១គ្រឿង បានចុះទៅអន្តរាគមន៍ដល់ទីតាំងកើតហេតុ ដោយបានប្រើប្រាស់ទឹកអស់ចំនួន ២១ឡាន ស្មើនឹង ៨៤ម៉ែត្រគូប និងមាន រថយន្តជំនួយអន្តរាគមន៍រួមមាន ៖
-រថយន្ត ក្រសួងមហាផៃ្ទ ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន សើ្មនឹង ១២ម៉ែត្រគូប។
-រថយន្តសាលាខណ្ឌឬស្សីកែវ ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន សើ្មនឹង ០៤ម៉ែត្រគូប រហូតរលត់ទៅវិញ នៅម៉ោង១៥៣រសៀល នាថ្ងៃខែ ឆ្នាំដដែល ហើយសូមបញ្ជាក់ថា ក្នុងរង្វង់ប្រតិបត្តិការនេះ ក៏បានបណ្តាលឲ្យលោក វរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងរបួសផងដែរ ពេលបញ្ជាកងកម្លាំង ជួយសង្គ្រោះករណីខាងលើ ៕ អែល មេសា