រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចប្រញាប់ចុះមករុំព័ទ្ធខ្សែពិនិត្យ ខណៈប្រទះឃើញសពបុរសម្នាក់ ស្លាប់ក្នុងគុម្ពស្មៅក្បែរចិញ្ចើមផ្លូវ និងមានស្បែកជើង១គូនៅក្បែរខ្លួន។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤និង ៣០នាទីល្ងាច ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចតាមចិញ្ចើមផ្លូវសម្តេចតេជោ៦០ម៉ែត្រ ស្ថិតនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់ TVFB ឲ្យដឹងថា សពជនរងគ្រោះខាងលើនេះ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ភេទប្រុស អាយុប្រហែល៣០ឆ្នាំជាង សម្បុរ ស ស្គម (សង្ស័យជនបរទេស) ។
ក្នុងនោះតាមការបំភ្លឺពីឈ្មោះ ខន សុឃីម ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរអ្នកលក់ដូរនៅចិញ្ចើមផ្លូវ៦០ម៉ែត្រ ទល់មុខកន្លែងកើតហេតុ បានប្រាប់អោយដឹងថា កាលពីវេលាម៉ោងប្រហែល៣រសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ គាត់កំពុងលក់ដូរនៅចិញ្ចើមផ្លូវ បានឃើញជនរងគ្រោះ ដើរដោះអាវ ស្លៀកតែខោ ហើយឈរមានសភាពរញីរញ័រ នឹងបានឈរបក់ដៃហៅម៉ូតូកង់បីជិះ តែគ្មានអ្នកណាឈប់ដឹកជនរងគ្រោះទេ។ លុះនៅវេលាម៉ោងប្រហែល៤និង២០នាទីល្ងាច ថ្ងៃទី១៦ ខែកុម្ភៈ គាត់មិនបានឃើញជនរងគ្រោះឈរនៅទីនោះទេ គាត់ក៏បានឲ្យកូនចៅដើរឆ្លងផ្លូវទៅមើល ក៏ឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ចុះមកពិនិត្យ។
ភ្លាមនេះឃើញសមត្ថកិច្ចជំនាញ មានទាំងនគរបាលប៉ុស្តិ៍ជើងឯក នគរបាលខណ្ឌដង្កោ និងនគរបាលជំនាញផ្នែកកោលស្យវិច័យ បានចុះមកធ្វើការពិនិត្យសាកសព យ៉ាងយកចិត្តទុកដាក់ សន្និដ្ឋានវាយតម្លៃ តាមការពិនិត្យកន្លែងកើតហេតុ និងតាមការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ សន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង អាចបណ្តាលមកពីជំងឺបេះដូង ហើយពេលនេះ សពត្រូវបានយកទៅតម្កល់នៅវត្តស្ទឹងមានជ័យរង់ចាំសាច់ញាតិ ៕ អែល វិចិត្រ