ខេត្តកំពង់ស្ពឺ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ប្រភពចែករំលែកព័ត៌មានតាមបណ្តាញសង្គម Tik Tok កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ អំពីហេតុការណ៍ក្មេងប្រុសម្នាក់បើកម៉ូតូលើផ្លូវជាតិលេខ៤ បញ្រ្ចាសទិស ដោយបើកខាងឆ្វេងដៃនៃផ្លូវភ្លោះពុះទ្រូងថ្នល់ក្នុងទឹកដី សង្កាត់សុព័រទេព ក្រុងច្បារមន ពីទិសខាងកើតឆ្ពោះទៅទិសខាងលិច ។
ក្រោយទទួលបានព័ត៌មានតាមរយៈបណ្ដាញសង្គមtik tok កម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមន បានធ្វើការស្រាវជ្រាវសហការជាមួយស្រុកសំរោងទង ស្វែងរកឃើញក្មេងប្រុសដែលបើកម៉ូតូបញ្រ្ចាសទិស មានឈ្មោះ មឿន ដាភ័ស្ដ ហៅ ចត់ អាយុ ១៧ ឆ្នាំ រស់នៅភូមិគោកភ្នៅ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលតាមការបញ្ជាក់ពីមូលដ្ឋានប្រជាពលរដ្ឋក្នុងភូមិ មេភូមិ មេឃុំ និងអាណាព្យាបាល បញ្ជាក់ថា ឈ្មោះ ចត់ កើតមកមានជម្ងឺ មានសតិមិនដូចក្មេងដទៃ ( សតិមិនគ្រប់ ) ម៉ូតូនោះជាម៉ូតូរបស់អ្នកផ្ទះដែលទុកចោល
គឺយកជិះមិនចូលផ្ទះទេ អោយតែភ្លេចសោរ មានពេល ខ្លះបាត់មួយយប់ក៏មានផងដែរ។
ក្រោយពីសមត្ថកិច្ចបានជួបនិងពិនិត្យលើមូលហេតុគ្រប់ បានធ្វើការសំណូមពរអោយអាណាព្យាបាលយកចិត្ដទុកដាក់យ៉ាងណាប្រុងប្រយ័ត្នបើសិនមានករណីដូចនេះអាចបង្កហានិភ៏យដល់អ្នកដទៃនិងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈដែលកើតចេញពីការមិនទទួលខុសត្រូវរបស់អាណាព្យាបាល ករណីកន្លងមក ជារឿងចៃដន្យហើយមិនមានហានិភ័យអន្ដរាយកើតឡើង ៕