រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ព្រោះតែភ្លើងប្រច័ណ្ឌឆេះឆាបឆួល ពេញដើមទ្រូង មោបាំងលែងដឹងខុសត្រូវ គូសង្សារមួយគូ ឈ្លោះគ្នា ខាងប្រុសបានយកកាំបិតដេញចាក់ខាងស្រីបម្រុងនឹងសម្លាប់ចោល តែត្រូវបានមិត្តភក្តិជួយទាន់ លុះមួយសន្ទុះក្រោយមក ស្រាប់តែឃើញខាងប្រុសរូបនេះ ចងកស្លាប់ជាប់នឹងចម្រឹងបង្អួចបាត់ទៅហើយ ។
ហេតុការណ៍នេះកើតឡើងតាំងពីវេលាម៉ោង ២និង៣០នាទី ទៀបភ្លឺ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្ទះជួលលេខ៦១ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះណឹម ម៉ៃ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ទីលំនៅភូមិត្រពាំងរុន ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។ រកឃើញវត្ថុតាង កាំបិតដងឈើ១ដើម ខ្សែចំណង ចង ក (ស្មាហាលខោអាវ) ។
តាមការបំភ្លឺពីឈ្មោះ ទូច វីស្សា ភេទស្រី អាយុ២២ឆ្នាំ ជាមិត្តស្រីជនរងគ្រោះបានឲ្យដឹងថា នាងខ្ញុំ និងមិត្តប្រុសបានរស់នៅជាមួយគ្នារយៈពេលជាង១ឆ្នាំមកហើយ និងមានមិត្តភក្តិខ្ញុំម្នាក់ទៀតឈ្មោះ អឿន ដាណែត ភេទស្រី អាយុ២៤ឆ្នាំ ជួលផ្ទះស្នាក់នៅជាមួយគ្នា, កន្លងមកមិត្តប្រុសនាងខ្ញុំជាមនុស្សប្រើប្រាស់សារធាតុញៀន និងតែងតែរករឿងប្រចណ្ឌនាងខ្ញុំ។ នៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នាងខ្ញុំ និងមិត្តប្រុស ព្រមទាំងមិត្ដភក្តិបាននាំគ្នាចេញទៅផឹកស៊ីនៅខាងក្រៅ, ដល់ម៉ោងប្រហែល២រំលងអាធ្រាតឈានចូលថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ពួកខ្ញុំបានជិះម៉ូតូកង់បីត្រឡប់មកដល់ផ្ទះជួលវិញហើយក៏នាំគ្នាចូលបន្ទប់រៀងៗខ្លួន, ពេលចូលទៅក្នុងបន្ទប់មិត្តប្រុសនាងខ្ញុំបានប្រច័ណ្ឌរករឿងនាងខ្ញុំថាមានប្រុស ទើបទាស់សម្តីគ្នា រួចមិត្តប្រុសរបស់ខ្ញុំបានរត់ទៅយកកាំបិត ហើយនាងខ្ញុំក៏បានរត់ឡើងទៅបន្ទប់មិត្តភក្តិឲ្យជួយ ហើយមិត្តប្រុសរបស់ខ្ញុំតាមមកដល់ក្នុងបន្ទប់យកកាំបិតចង់ចាប់នាងខ្ញុំ អារ ក តែមិត្តភក្តិនាងខ្ញុំបានជួយរុញចេញ ហើយក៏នាំគ្នារត់ចុះមកក្រោម ។ចំណែកមិត្តប្រុសរបស់ខ្ញុំមិនបានចុះមកតាមទេ, មួយសន្ទុះក្រោយនាងខ្ញុំ និងមិត្តភក្តិបានឡើងទៅមើលវិញ ស្រាប់តែឃើញមិត្តប្រុសនាងខ្ញុំ ចង ក ដោយចំណងដែកស្មាហាលខោអាវ ជាប់នឹងចំរឹងដែកបង្អួច ទើបខ្ញុំបានផ្ដល់ដំណឹងឲ្យសមត្ថកិច្ច។
តាមការពិនិត្យរបស់សមត្ថកិច្ច ផ្ទះកើតហេតុជាផ្ទះល្វែងសង់ចំនួន២ជាន់, ដោយឡែកពិនិត្យនៅបន្ទប់ដេកខាងក្រោយផ្ទះជាន់ទី២ ឃើញទ្វារបន្ទប់បើកចំហរ, នៅលើឥដ្ឋការ៉ូក្នុងបន្ទប់មានកាំបិតដងឈើ១ដើម, នៅជាប់នឹងចំរឹងដែកបង្អួចមានសាកសពមនុស្សប្រុសម្នាក់ចង ក ដោយចំណងដែកស្មាហាលខោអាវ ចុងជើងផុតពីដីប្រវែង២០ស.ម នៅក្រោមជើងសាកសពមានវ៉ាលីសខោអាវ១រូតបើក។ កន្លែងកើតហេតុពិនិត្យរកឃើញ កាំបិតដងឈើ១ដើម ខ្សែចំណង ចង ក (ស្មាហាលខោអាវ) វ៉ាលីសខោអាវ១រូតបើកនៅពីខាងក្រោមជើងសាកសព។ សាកសពគ្មានពាក់អាវ ស្លៀកខោជើងខ្លី, មានហូរទឹកមាត់ប្រឡាក់ចង្ការដល់ដើមទ្រូង, សាកសពមានសភាពរឹង, សាកសពកម្ពស់១,៥៦ម នៅលើដងខ្លួនមាន ស្នាមជាំទ្រុឌនៅ ក ចាប់ពីខាងក្រោយស្លឹកត្រចៀកស្ដាំចុះក្រោមព័ទ្ធមកមុខដល់ខាងក្រោយស្លឹកត្រចៀកឆ្វេង១កន្លែង។ ពិនិត្យទឹកនោមសាកសពវិជ្ជមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន។
ដូច្នេះតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ យើងសន្និដ្ឋានបានថា ស្លាប់ដោយសារ ចង ក (អត្តឃាត) និងប្រគល់សាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ