ថ្មីៗនេះ ប្រធានបទ ការជ្រើសរើសប្រធានសមាគមន៍សិល្បករខ្មែរ កំពុងមានការចាប់អារម្មណ៍ខ្លាំងពីមហាជន ក្នុងនោះ គេក៏ឃើញលោក គួច ខេវិន បានបង្ហោះសារមួយចំនួន ដែលធ្វើឲ្យអ្នកនាង ចន ច័ន្ទលក្ខិណា មិនអាចនៅស្ងៀម ចេញមុខឆ្លើយតបវិញផងដែរ ។
ក្នុងនោះ យោងតាមការបង្ហោះរបស់លោក គួច ខេវិន បានសរសេរថា « ដោយមានសំណួរពីអ្នកសារព័ត៌មានកោះសន្តិភាព និង ផ្សេងៗទៀតមកកាន់ខ្ញុំ ហើយខ្ញុំកំពុងស្ថិតនៅប្រទេសថៃ ខ្ញុំសូមផ្តល់ចម្លើយជូនខាងក្រោមនេះ ៖
សូមអរគុណចំពោះសំណួរនឹងការចាប់អារម្មណ៍របស់ឯកឧត្តម លោកជំទាវ លោកឧកញ្ញា បងប្អូនមិត្តសិល្បៈ បងប្អូន ទស្សនិកជន បណ្តាសារពត៌មាន ទាំងអស់ចំពោះខ្ញុំ។ ប៉ុន្មានឆ្នាំមកនេះខ្ញុំហាក់បានឃ្លាតឆ្ងាយពីការងាសិល្បៈដោយផ្ទាល់ងាកទៅប្រកបកិច្ចការរកស៊ីដីធ្លី ស្រែចំការបន្តិចបន្តួចហើយឃើញថាកាក់កបគ្រាន់បើ ក៏ប៉ុន្តែខ្ញុំនៅតែស្ថិតនៅក្បែរ នឹងឃ្លាំមើលវិស័យសិល្បៈរបស់ស្រុកទេសយើងជានិច្ចដែរ ទោះជាពេលខ្លះខ្ញុំត្រូវទៅអាម៉េរិចក្តី។ ការដកឃ្លាតឆ្ងាយបន្តិចពីសង្គមសិល្បៈ ក៏ដោយសារតែបរិយាកាសក្នុងពិភពសិល្បៈហាក់ច្របូកច្របល់ហើយមានស្ថានភាពទីផ្សារការងារមិនសូវល្អប្រសើរ ស្របពេលដែលមិត្តភក្តិមួយចំនួនក៏ដកឃ្លាដែរ»។
លោក គួច ខេវិន បន្តថា « ចំពោះការជ្រើសរើសអ្នកដឹកនាំសមាគមសិល្បៈខ្មែរខ្ញុំគិតថាមានអ្នកមានទេព្យកោសល្យ មានស្នាដៃល្អៗច្រើនដែលធ្លាប់បានចូលរួមលើកតម្កើងវិស័យសិល្បៈឲ្យរីកចម្រើនកន្លងទៅ ហើយចំពោះខ្ញុំផ្ទាល់បើឯកឧត្តម លោកជំទាវ លោកឧកញ្ញា បងប្អូនមិត្តសិល្បៈ បងប្អូន ពូមីង ជាសិល្បករ សិល្បការនីក្មេងចាស់យល់ឃើញថាខ្ញុំមានលទ្ធភាព មានសមត្ថភាព ទេពកោសល្យអាចធ្វើទៅបាន ខ្ញុំអាចឈរឈ្មោះឲ្យពួកគាត់ជ្រើសរើសសម្រាប់អណត្តិថ្មី។ ចំពោះសំណួរថាតើគួរពង្រឹងអ្នកដឹកនាំសមាគមថ្មីយ៉ាងណានោះគឺវាមានលក្ខណៈដោយឡែក ៗ ព្រោះថាសមាគមមិនមែនទើបតែបង្កើតម្សិលមិញនោះទេ គឺពីរ បីអណត្តិមកហើយ ហើយក៏មិនមែនគ្រប់សកម្មភាពកន្លងទៅសុទ្ធតែទន់ជ្រាយនោះឡើយ យើងនឹងពិត្យឡើងវិញអំពីលទ្ធផលការងារវិជ្ជមាន និងអវិជ្ជមានដែលទទួលបាន ហើយត្រូវកែលម្អ បំពេញបន្ថែមទៅតាមស្ថានភាពជាក់ស្តែងមិនថាតែគណនេយ្យភាព តម្លាភាពទាក់ទងនឹងថវិការនោះទេ គឺលើគ្រប់សកម្មភាពការងាររបស់សមាគមតែម្តង »។
លោកគួច ខេវិន បានសរសេរទៀតថា ចំពោះសំណួរថា តើអ្នកដឹកនាំល្អត្រូវរៀបចំផែនការយ៉ាងណាដើម្បីជួយដោះស្រាយបញ្ហាទំនាស់របស់អ្នកសិល្បៈនោះ? គឺវាអាស្រ័យទៅលើទិដ្ឋភាពទំនាស់ បើវាជារឿងបុគ្គលហើយជៈទ្ធិពលមកលើសង្គមសិល្បៈទាំងមូលដែលធ្វើឲ្យប៉ៈពាល់កិត្តិយស សេចក្តីថ្លៃថ្នូនៃវប្បធ៌ម ប្រពៃណីជាតិនោះគឺអាស្រ័យលើច្បាប់ តែបើជារឿងបុគ្គលនឹងបុគ្គល គឺអាស្រ័យលើការសម្របសម្រួល តាមហេតុ បច្ច័យនឹងផល ។ ខ្ញុំយល់ថាវិបត្តិទំនាស់ផ្សេងគ្នាវិធីដោះស្រាយក៏ផ្សេងគ្នាដែរ ប៉ុន្តែអ្វីដែលត្រូវយកមកគិតគូធ្វើឲ្យល្អប្រសើរជាមុនគឺសិលធ៌ម គុណធ៌ម និងសេចក្តីថ្លៃថ្នូររបស់សិល្បករសិល្បការនី នៅក្នុងសង្គមសិល្បៈខ្មែរយើងទាំងមូល។ សូមអរគុណ»។
ជុំវិញការបង្ហោះរបស់លោក គួច ខេវិន នេះដែរ គឺក៏ឃើញផេកផ្លូវការរបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានស៊ែរបន្ត និងសរសេរថា « ជាដំបូងខ្ញុំសូមអរគុណចំពោះមតិយោបល់ និង ការណែនាំបែបសុជីវធម៌របស់បង នៅក្នុងកំឡុងពេលនេះប្អូនមិនទាន់ផ្ទេរតួនាទី ប្អូននិងយកយោបល់របស់បងទៅកែប្រែ និង បំពេញចំណុចខ្វះខាតរបស់ខ្ញុំកន្លងមក
ខ្ញុំសូមស្វាគមន៌ចំពោះវត្តមានរបស់បងក្នុងការដាក់ពាក្យឈរឈ្មោះជាបេក្ខភាពបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បៈក្នុងអាណត្តិថ្មី ក្នុងនាមប្អូនធ្លាប់ធ្វើការជាមួយបងកន្លងមក ខ្ញុំសង្ឃឹមថាបងក៏កែប្រែទំលាប់ជេរបញ្ចោរសិល្បការនី និង សិល្បករ មិនសំចៃមាត់របស់បងកន្លងមកដូចគ្នា ព្រោះទង្វើរបស់បងកន្លងមកក៏ជាគំរូអាក្រក់ចំពោះអ្នកជំនាន់ថ្មីដែរ ជាពិសេស ទង្វើមនុស្សប្រុសជេរស្រី » ៕