រាជធានីភ្នំពេញ ៖ យោងតាមការផេកផ្លូវការរបស់ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បង្ហោះនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ បានឲ្យដឹងពី សេចក្តីជូនដំណឹង ដែលចេញកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។
រដ្ឋបាលខណ្ឌទួលគោក មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ការរក្សាសណ្តាប់ធ្នាប់សាធារណៈ ឱ្យមានរបៀបរៀបរយតាមដងផ្លូវ និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ឱ្យបានល្អប្រសើរ និងលុបបំបាត់ការយកចិញ្ចើមផ្លូវសាធារណៈមកប្រើប្រាស់ ជាប្រយោជន៍ឯកជន រដ្ឋបាលខណ្ឌទួលគោក បានរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តោយផ្លូវលេខ២៤៥ (មហាវិថីម៉ៅសេទុង) ក្នុងភូមិសាស្ត្រខណ្ឌទួលគោក រាជធានីភ្នំពេញ ជាបន្តបន្ទាប់។ ក៏ប៉ុន្តែក្នុងរយៈពេលកន្លងមកនេះ រដ្ឋបាលខណ្ឌទួលគោក សង្កេតឃើញថា មានបងប្អូនម្ចាស់អាជីវកម្មលក់ដូរគ្រប់ប្រភេទបានយកចិញ្ចើមផ្លូវសាធារណៈប្រកបអាជីវកម្ម និងចោល សំរាម គ្មានសណ្តាប់ធ្នាប់ ធ្វើឱ្យមានការកកស្ទះចរាចរណ៍ និងប្រព័ន្ធលូ នៅពេលមានភ្លៀងធ្លាក់ម្តងៗ ព្រមទាំងបាត់បង់ សោភ័ណភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ។
ក្នុងន័យនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់រដ្ឋបាលខណ្ឌ និងក្រុមការងារ អាចធ្វើការរៀបចំសណ្តាប់ធ្នាប់
របៀបរៀបរយសាធារណៈ និងអនាម័យ បរិស្ថាន នៅតាមបណ្តោយផ្លូវលេខ២៤៥(មហាវិថីម៉ៅសេទុង) ឱ្យបានល្អប្រសើររដ្ឋបាលខណ្ឌទួលគោក សូមដាក់ចេញនូវវិធានការដូចខាងក្រោម៖
១. បញ្ឈប់ការប្រកបអាជីវកម្មលក់ដូរទំនិញគ្រប់ប្រភេទលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ ព្រមទាំងយកទីតាំង ដីសាធារណៈនៅមុខផ្ទះរបស់ខ្លួនដែលអាជ្ញាធរបានកំណត់ ជួល ឬធ្វើអាជីវកម្មលក់ដូរជាដាច់ខាត។
២. មិនអនុញ្ញាតឱ្យមានការចត ឬឈប់យានយន្តដឹកជញ្ជូនទំនិញ ដើម្បីផ្ទេរទំនិញគ្រប់ប្រភេទ តាមមធ្យោបាយ ដឹកជញ្ជូនគ្រប់ប្រភេទ នៅលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ លើកំណាត់ផ្លូវលេខ២៤៥ (ចាប់ពីផ្លូវលេខ ១៨២ ដល់ផ្លូវលេខ២១៧)។
រដ្ឋបាលខណ្ឌទួលគោក ទុករយៈពេល០៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ក្នុងករណីមិនអនុវត្តតាមសេចក្តី ជូនដំណឹងនេះ រដ្ឋបាលខណ្ឌទួលគោក នឹងចាត់វិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ សម្ភារ និងទ្រព្យសម្បត្តិណាមួយឡើយ។ ក្នុងករណីមានការរារាំងប្រឆាំងនឹងការអនុវត្តវិធានការរដ្ឋបាល របស់អាជ្ញាធរមាន សមត្ថកិច្ច នឹងឈានដល់ការអនុវត្តវិធានការច្បាប់។
រដ្ឋបាលខណ្ឌទួលគោក សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បងប្អូនម្ចាស់លំនៅដ្ឋាន និងម្ចាស់អាជីវកម្មទាំងអស់នឹង ចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងខាងលើនេះ ឱ្យមានប្រសិទ្ធភាពប្រកួអដោយការទទួលខុសត្រូវខ្ពស់។
សូមស្តាប់ប្រសាសន៍របស់លោក អភិបាលរងខណ្ឌទួលគោក ដែលដឹកនាំប្រតិបត្តិការនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ទាំងស្រុង ៖ (ដាក់សំឡេង)
សូមបញ្ជាក់ថា ទន្ទឹមនឹងការចេញសេចក្តីជូនដំណឹង ស្តីពីការទុករយៈពេល៧ថ្ងៃ សម្រាប់ ររៀបចំសណ្តាប់ធ្នាប់
របៀបរៀបរយសាធារណៈ និងអនាម័យ បរិស្ថាន នៅតាមបណ្តោយផ្លូវលេខ២៤៥(មហាវិថីម៉ៅសេទុង) នេះដែរ មហាជនលោកងឿងឆ្ងល់ថា អាជ្ញាធរលោកធ្វើតែផ្លូវ២៤៥(មហាវិថីម៉ៅសេទុង) ហើយចុះផ្លូវលេខ ២៣០ កែងផ្លូវ២៣១ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដែលកំពុងតែត្រូវបានក្រុមបងប្អូនអាជីវករ និងរត់តាក់ស៊ីមួយចំនួន ឈប់រថយន្តចាប់ម៉ូយ ក៏ដូចជាដាក់លក់បោះដុំរបស់របរ បន្លែផ្លែឈើ ពេញលើចិញ្ចើមផ្លូវយ៉ាងអាណាធិបតេយ្យ គ្មានសណ្តាប់ធ្នាប់ទាល់តែសោះ រកតែផ្លូវជិះស្ទើរតែគ្មាន បិទចរាចរណ៍ស្ទើរតែទាំងស្រុង ដែលធ្វើឱ្យ មានការថ្នាំងថ្នាក់ជាខ្លាំងពីសំណាក់ ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ទីនោះ ហេតុអ្វីពួកគេឃើញនៅតែរញ៉េរញ៉ៃនិងកកស្ទះដដែលដូចវែកចកអ៊ីចឹង? សូមឲ្យអាជ្ញាធរជួយចាត់វិធានការផង ព្រោះផ្លូវលេខ២៣០ កែងផ្លូវ២៣១នេះ កកស្ទះខ្លាំងជាងផ្លូវ ២៤៥ (មហាវិថីម៉ៅសេទុង) ទៅទៀត ៕