រាជធានីភ្នំពេញ ៖ ខាតដើមហើយមួយជើងនេះ ហ៊ានខ្លាំងពេក ផ្លូវចង្អៀតស្ទះសោះ ជនសង្ស័យបានធ្វើសកម្មភាព ឆក់ខ្សែកពីស្ត្រីម្នាក់ កំពុងជិះតាមផ្លូវ ពេលដែលឆក់នោះ ឆ្លៀតបើកមួកសើចឌឺទៀត តែកម្មពារទាន់ហ័ន្ត ទាក់ដៃចង្កូតជាមួយម៉ូតូជនរងគ្រោះ ទាំង២គ្រឿង ទៅលើដងផ្លូវ រួចប្រញាប់ស្រវ៉េស្រវ៉ារត់យករួចខ្លួនបាត់ស្រមោល សល់ម៉ូតូដែលជិះធ្វើសកម្មភាពនៅនឹងកន្លែងកើតហេតុ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ក៏ដូចជាជនរងគ្រោះបានរៀបរាប់ថា មុនពេលកើតហេតុ គាត់កំពុងជិះម៉ូតូធូដេ ពណ៌ទឹកក្រូច ស្លាកលេខ ភ្នំពេញ 1IE-3183 តាមដងផ្លូវ លុះដល់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ចរាចរណ៍កំពុងចង្អៀតណែនស្ទះផងនោះ ស្រាប់តែមានជនសង្ស័យជិះម៉ូតូម៉ាក ស្កុបពី ពាក់ស្លាកលេខ ភ្នំពេញ 1GW-3927 មកស្របគ្នា ឆក់ខ្សែករបស់ជនរងគ្រោះ រួចបើកមួកការពារសើចឌឺទៀត តែកម្មពារទាន់ហ័ន្ត ឆក់មិនបានហើយ ទាក់ដៃចង្កូតជាមួយម៉ូតូជនរងគ្រោះ ទាំង២គ្រឿង ដួលទៅលើដងផ្លូវ បណ្តាលឲ្យជនរងគ្រោះរបួស រួចស្រែកចោរៗ ធ្វើឲ្យជនសង្ស័យភ័យប្រញាប់ស្រវ៉េស្រវ៉ារត់យករួចខ្លួនបាត់ស្រមោល បន្សល់ទុកម៉ូតូដែលជិះធ្វើសកម្មភាពនៅនឹងកន្លែងកើតហេតុ ។
ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានចុះមកដល់ទីតាំងកើតហេតុ បានយកម៉ូតូជនសង្ស័យ និងនាំជនរងគ្រោះទៅប៉ុស្តិ៍ដើម្បីដាក់ពាក្យបណ្តឹង និងបើកការស្រាវជ្រាវតាមចាប់ជនសង្ស័យខាងលើ យកមកផ្តន្ទាទោសតាមច្បាប់ ៕ អែល មេសា