រាជធានីភ្នំពេញ ៖ យុវជនម្នាក់ ជាអ្នកដឹកជញ្ជូន Eget ចាំម្ដាយបើកទ្វារចូលផ្ទះ ស្រាប់តែត្រូវជនសង្ស័យម្នាក់ យកកាំបិតមកកាប់ ប្លន់យកម៉ូតូទៅបានសម្រេច សំណាងគ្រាន់តែរងរបួសស្រាល ។
ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៤ ទៀបភ្លឺ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅត្រង់ចំណុចក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមការអះអាងរបស់ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់ប្រកបរបរដឹកជញ្ជូន Eget ដូចរាល់ដង លុះដល់ម៉ោងកើតហេតុ គាត់ត្រឡប់មកដល់មុខរបងផ្ទះទៅហើយ អង្គុយចាំម្ដាយបើកទ្វារឱ្យ ដោយសារតែផ្ទះជួល គេទើបម្ចាស់ផ្ទះបើកទ្វារនៅម៉ោង៣ទៀតភ្លឺ ក៏អង្គុយចាំនៅមុខទ្វារ ដូចសព្វមួយដង។ ភ្លាមនោះក៏លេចមុខជនសង្ស័យម្នាក់ បានដើរចេញពីក្នុងព្រៃ កាន់កាំបិត រត់មកសម្ដៅកាប់ទៅលើជនរងគ្រោះត្រូវចំនួន៣ កាំបិត ហើយក៏ទាញម៉ូតូជនរងគ្រោះជិះរត់គេចខ្លួន បាត់ពីកន្លែងកើតហេតុ បន្សល់ទុកកាំបិតដែលធ្វើសកម្មភាពកាប់ប្លន់នេះ នៅលើដី ទើបជនរងគ្រោះស្រែកឆោឡោថាចោរៗ ឲ្យអ្នកភូមិជួយ តែគ្មានអ្នកណាបើកទ្វារជួយគាត់នោះទេ ។
ក្រោយពេលកើតហេតុសមត្ថកិច្ច បានប្រមូលវត្ថុតាង កាំបិតមួយដើម ដែលធ្វើសកម្មភាព យកទៅប៉ុស្តិ៍ និងឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង ដើម្បីសមត្ថកិច្ចស្រាវជ្រាវតាមចាប់ជនដៃដល់ជាចោរខាងលើ យកមកផ្តន្ទាទោសតាមច្បាប់ ៕ Mrr Ka