រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត ឡង់គ្រីស័រ បុកកង់បីឥណ្ឌា ពីក្រោយ រួចបើករត់ តែត្រូវបានសមត្ថកិច្ចដេញតាមឃាត់បានមកវិញ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៥០នាទីយប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចគល់ស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត ឡង់គ្រីស័រ ពាក់ស្លាកលេខភ្នំពេញ 2BI-9519 បើកចុះស្ពានជ្រោយចង្វារ លុះដល់ចំណុចកើតហេតុ ក៏បើកបុកម៉ូតូកង់បីឥណ្ឌា ពាក់ស្លាកលេខ សៀមរាប 1AD-3513 ពីក្រោយហើយរត់គេច ត្រូវសមត្ថកិច្ចដេញតាមឃាត់បានមកវិញ រីឯអ្នករងរបួស ត្រូវបានបងប្អូនប្រជាពរដ្ឋ ដឹកតាមកង់បីបញ្ជូនទៅមន្ទីរពេទ្យ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែង យករថយន្តនិងកង់បីឥណ្ឌា ទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយតាមច្បាប់បន្តទៀត ៕ Mrr Ka