រាជធានីភ្នំពេញ ៖ ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១០ និង៣០ នាទី កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ទោ ជាង ហ៊ុកសែ អធិការរងទទួលផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវបង្រ្កាបបានជនសង្ស័យម្នាក់ឈ្មោះ ហាន កក្កដា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួល ម្តុំព្រៃវែងកើត ក្នុងខណ្ឌដង្កោ នៅចំណុចភូមិរិទ្ធីពីរ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលជាជនសង្ស័យ ដែលបានធ្វើសកម្មភាពកាប់ប្លន់ម៉ូតូC125 ពណ៌ស៊េរី ២០២៣ ពីអ្នកដឹកE-get នៅចំណុចភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីទៀបភ្លឺ ព្រឹកមិញនេះបានហើយ ។
សូមបញ្ជាក់ថា យុវជនម្នាក់ ជាអ្នកដឹកជញ្ជូន Eget ចាំម្ដាយបើកទ្វារចូលផ្ទះ ស្រាប់តែត្រូវជនសង្ស័យម្នាក់ យកកាំបិតមកកាប់ ប្លន់យកម៉ូតូទៅបានសម្រេច សំណាងគ្រាន់តែរងរបួសស្រាល ។
ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៤ ទៀតភ្លឺ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅត្រង់ចំណុចក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមការអះអាងរបស់ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់ប្រកបរបរដឹកជញ្ជូន Eget ដូចរាល់ដង លុះដល់ម៉ោងកើតហេតុ គាត់ត្រឡប់មកដល់មុខរបងផ្ទះទៅហើយ អង្គុយចាំម្ដាយបើកទ្វារឱ្យ ដោយសារតែផ្ទះជួល គេទើបម្ចាស់ផ្ទះបើកទ្វារនៅម៉ោង៣ទៀតភ្លឺ ក៏អង្គុយចាំនៅមុខទ្វារ ដូចសព្វមួយដង។ ភ្លាមនោះក៏លេចមុខជនសង្ស័យម្នាក់ បានដើរចេញពីក្នុងព្រៃ កាន់កាំបិត រត់មកសម្ដៅកាប់ទៅលើជនរងគ្រោះត្រូវចំនួន៣ កាំបិត ហើយក៏ទាញម៉ូតូជនរងគ្រោះជិះរត់គេចខ្លួន បាត់ពីកន្លែងកើតហេតុ បន្សល់ទុកកាំបិតដែលធ្វើសកម្មភាពកាប់ប្លន់នេះ នៅលើដី ទើបជនរងគ្រោះស្រែកឆោឡោថាចោរៗ ឲ្យអ្នកភូមិជួយ តែគ្មានអ្នកណាបើកទ្វារជួយគាត់នោះទេ ។
ក្រោយមកកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ទោ ជាង ហ៊ុកសែ អធិការរងទទួលផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវបង្រ្កាបបានជនសង្ស័យនៅចំណុចភូមិរិទ្ធីពីរ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងកំពុងបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសាកសួរ កសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ អែល វិចិត្រ