រាជធានីភ្នំពេញ ៖ ផ្អើលប្រជាពលរដ្ឋចោមរោមមើល ខណៈប្រទះឃើញសពបុរសម្នាក់ អណ្តែតតាមដងទន្លសាប រហូតមកទើនៅច្រាំងទន្លេក្បែរមហោស្រពចតុមុខ ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល វេលាម៉ោង ១០ និង១៥នាទីព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅត្រង់ចំណុចច្រាំងទន្លេ ក្បែរមហោស្រពចតុមុខ នៅតាមបណ្តោយផ្លូវ ព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សាកសពខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណច្បាស់នូវឡើយ ដោយគ្រាន់តែដឹងថា សពខាងលើមានអាយុប្រមាណជា ៤០ឆ្នាំ មាឌធាត់ សម្បុរសណ្តែកបាយ កម្ពស់ ០១ម៉ែត្រ ៧០ ស្លៀកខោ ពណ៌ បៃតងចាស់ ពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅ ។
បើតាមប្រភពព័ត៌មានពីអ្នកលក់ផ្កានៅតាមមាត់ទន្លបានអោយដឹងថា នៅមុនពេលកើតហេតុ គាត់កំពុងរៀបចំផ្កា និងទុកដាក់អីវ៉ាន់ដើម្បីរៀបចំទុកលក់នូវពេលល្ងាច ខណៈនោះគាត់បានដើរចុះទៅក្រោមដើម្បីចុះដងទឹក ស្រាប់តែក្រឡេកទៅឃើញមាន សពមួយកំពុងតែអណ្តែតនៅតាមដងទន្លេសាប ជិតមកដល់ក្បែរច្រាំង ភ្លាមៗគាត់ក៏បានស្ទុះរត់ឡើងមកលើគោក និងស្រែកឆោឡោរផ្អើលដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ រួចបន្តរាយការណ៍ជូនមន្រ្តីជំនាញ ដើម្បីចុះមកត្រួតពិនិត្យ ។
បច្ចុប្បន្នសមត្ថកិច្ចបានស្រង់យកសព មកលើគោករួចបន្តទាក់ទងទៅមន្រ្តីជំនាញកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីមកត្រួតពិនិត្យ ។ បន្ទាប់ពីត្រួតពិនិត្យរួចសមត្ថកិច្ចបានសន្និដ្ឋានថា បណ្តាលមកពីលង់ទឹកពិតប្រាកដមែន ។ ចំណែកសាកសព សមត្ថកិច្ចបានយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ រងចាំគ្រួសារមកទទួល ៕ មេសា