ចាប់ខ្លួនជនល្មើសម្នាក់ រឹបអូសគ្រឿងញៀនជិត១គីឡូក្រាម នៅរាជធានីភ្នំពេញ
សន្តិសុខសង្គម
160

រាជធានីភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនល្មើសម្នាក់ និងរឹបអូសគ្រឿងញៀនជិត១គីឡូក្រាម នៅភូមិសាស្ត្ររាជធានីភ្នំពេញ។ នេះបើយោងតាមផេកផ្លូវការរបស់ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង១៧៖៣០នាទី កម្លាំងជំនាញ (ក៤) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំសម្របសម្រូលដោយ លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ដោយសហការជាមួយកម្លាំង នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បង្ក្រាបនៅចំណុចក្បែរស្ថានីយ៍ប្រេងតូតាល់​ ផ្លូវ២១៧ ភូមិគោកក្រសាំង សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជាលទ្ធផលចាប់ខ្លួនជនល្មើសម្នាក់ ឈ្មោះ ពេជ្រ រ៉ាដែន ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត២០០០។ វត្ថុតាងចាប់យក៖ គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់៩៩៦,១៣ក្រាម។

ជនសង្ស័យ និងវត្ថុតាង កំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕


Telegram