សមត្ថកិច្ចឃាត់ខ្លួនក្មេ....ងទំនើ...ងជាង៥០នាក់ ក្នុងសប្ដាហ៍កន្លងទៅនេះ!
សន្តិសុខសង្គម
133

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្មេងទំនើងមិនអាចអុកឡុកសង្គមបានដោយសេរីនោះឡើយ។ ក្នុងសប្ដាហ៍កន្លងទៅនេះ សមត្ថកិច្ចនគរបាលជាតិ ទូទាំងប្រទេស បានបន្តប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងបានចំនួន២២ ករណី និងឃាត់ខ្លួនបានក្មេងទំនើងយ៉ាងហោចណាស់៥៧នាក់។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃដដែល ដោយសារការយកចិត្តទុកដាក់អនុវត្តរបស់កម្លាំងនគរបាលជាតិ ពិសេសកម្លាំងនៃស្នងការដ្ឋាន អធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ករណីក្មេងទំនើងនៅសប្ដាហ៍នេះ បានថយចុះធៀបនឹងសប្ដាហ៍មុន។

យ៉ាងណាក៏ដោយ លោកបញ្ជាក់ថា ការធ្លាក់ចុះនេះ ក៏មិនមានន័យថាសមត្ថកិច្ចត្រូវដកដៃនោះឡើយ ហើយជាមួយគ្នានេះ មាតាបិតា អ្នកអាណាព្យាបាលទាំងឡាយ ក៏គួរបន្តបង្កើនការយកចិត្តទុកដាក់អប់រំសីលធម៌ដល់សមាជិកគ្រួសារ ពិសេសតាមតម្រង់ផ្លូវល្អដល់កូនចៅរបស់ខ្លួនដែលជាយុវជន។

គួរកត់សម្គាល់ថា ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បាននិងកំពុងបង្កើនការយកចិត្តទុកដាក់ដឹកនាំនិងបញ្ជាឱ្យសមត្ថកិច្ចបង្ក្រាបនិងលុបបំបាត់ក្មេងទំនើងពីក្នុងសង្គម។ ក្នុងខែមករា ឆ្នាំ២០២៤នេះ សមត្ថកិច្ចបង្ក្រាបក្មេងទំនើងបាន១២៤ករណី និងឃាត់ខ្លួនមនុស្ស ២៨០ នាក់៕


Telegram