រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆក់ខ្សែកមិនបានសម្រេច នៅគល់ស្ពានស្ទឹងមានជ័យ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបាន ។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោក វរសេនីយ៍ទោ ប៊ុត ស៊ីម៉េង ជានាយការិយាល័យ បានធ្វើការស្រាវជ្រាវនឹងបើកការស៊ើបអង្កេតកំណត់មុខសញ្ញាធ្វើការឃាត់ខ្លួននៅថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៤ វេលាម៉ោង២០៖១៥នាទីត្រង់ចំណុចផ្លូវលេខ៣៤៤ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានធ្វើឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ គី តុងបី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ (ជាអ្នកបិទគូទ)។
នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧៖០០នាទី បក្ខពួកខ្លួនបានធ្វើសកម្មភាពឆក់ខ្សែកពីនារីរងគ្រោះកំពុងជិះម៉ូតូម្នាក់ឯងតែមិនបានសម្រេចនៅចំណុចផ្លូវលេខ២៧១(គល់ស្ពានស្ទឹងមានជ័យ) ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សម្ភារៈដកហូតរួមមាន៖ ម៉ូតូម៉ាក ហុងដា-ស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GW-3927(របស់ជនសង្ស័យ)។
បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងខាងលើ ការិយាល័យកំពុងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕ អែល វិចិត្រ