រាជធានីភ្នំពេញ ៖ រថយន្តដឹកឥដ្ឋ មួយគ្រឿងដាច់ហ្រ្វាំងជ្រុលទៅបុកម៉ូតូសិស្សសាលា រួចបន្តបុករះចូលកន្លែងជួសជុលម៉ូតូ បង្កការខូចខាតសម្ភារៈមួយចំនួន និងបណ្តាលអោយមនុស្សចំនួន០៥នាក់ រងរបួសធ្ងន់ស្រាល ។
គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ០១ និង ៥០នាទីរសៀលថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី០១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តដឹកឥដ្ឋ ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 3A-0688 បើកបរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើត ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏បានបត់ស្ដាំឡើងមកផ្លូវ ៣៧១ (សឡា) ខណៈនោះស្រាប់តែអ្នកបើកបរជាន់ហ្រ្វាំងមិនស៊ី ជ្រុលទៅបុកម៉ូតូជាច្រើនគ្រឿងធ្វើឲ្យយុវតីសាលា២នាក់រងរបួសបាក់ជើងម្នាក់ និងរបួសស្រាលម្នាក់ ហើយបុរស០២នាក់ទៀត ដែលបើកម៉ូតូ សណ្តោងរ៉ឺម៉កដឹកទំនិញ រងរបួសធ្ងន់ និង បុរសម្នាក់ទៀតជិះម៉ូតូហុងដាឌ្រីមសង់រងរបួសចំផ្ទៃមុខ បញ្ជូនទៅសង្គ្រោះភ្លាមៗផងដែរ ។ ដោយក្នុងករណីនេះ បង្កអោយមានការខូចខាតម៉ូតូចំនួន២ គ្រឿងនិងម៉ូតូសណ្ដោងមួយគ្រឿង ។
បន្ទាប់កើតហេតុ អ្នកបើករថយន្តខាងលើបានចុះពីរថយន្តរត់គេច ភ្លាមៗប្រជាពលរដ្ឋបានក្របួចក៏អាវជាប់ តែអ្នកបើករថយន្តក្រវៀសដៃប្រជាពលរដ្ឋចេញ រួចរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកសម្រួលចរាចរណ៍កុំអោយមានកកស្ទះ និងបន្តទាក់ទងទៅមន្រ្តីជំនាញចរាចរណ៍ក្រុង មកវាស់វែងម៉ូតូ និង រថយន្តយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ តាមច្បាប់បន្តទៀត ៕ អែល មេសា