ឯកឧត្ដម ឃួង ស្រេង ចាត់ឱ្យក្រុមការងារនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយកងពលតូចលេខ៧០ ចុះបាញ់ថ្នាំសម្លាប់មូសនៅតាមមូលដ្ឋានសង្កាត់ទាំង១០៥ ក្នុងរាជធានីភ្នំពេញ
រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ រដ្ឋបាលសាលារាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមការចង្អុលបង្ហាញពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើការយកចិត្តទុកដាក់សុខមាលភាពប្រជាពលរដ្ឋ និងដោយយោងទៅលើស្ថានភាពជាក់ស្ដែងនៃការរីករាលដាលជំងឺគ្រុនឈាមមានការកើនឡើង ។
រដ្ឋបាលរាជធានីដឹកនាំដោយឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាមួយអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីចាត់វិធានការជាបន្ទាន់ ដោយចាត់ឱ្យក្រុមការងារនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងមានកិច្ចសហការពីកងពលតូចលេខ៧០ ចុះបាញ់ថ្នាំសម្លាប់មូសនៅតាមមូលដ្ឋានសង្កាត់ទាំង១០៥ ក្នុងរាជធានីភ្នំពេញសំដៅធ្វើយ៉ាងណា លុបបំបាត់ឱ្យអស់មូសខ្លា និងគ្មានជម្ងឺគ្រុនឈាម ៕