ព្រះគ្រូចៅអធិការវត្តព្រះហស្ថក្បាល ខេត្តពោធិ៍សាត់ ប្រគល់វត្ថុបុរាណជូនសារមន្ទីរជាតិកម្ពុជា ដើម្បីឈ្វេងយល់ពី ឧត្តមប្រយោជន៍រួមសម្រាប់ជាតិ
សន្តិសុខសង្គម
1.05K

ខេត្តពោធិ៍សាត់ ៖ យោងតាមផេកផ្លូវការរបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឲ្យដឹង កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីជំនាញ និង អាជ្ញាធរដែនដី បានអញ្ជើញទៅថ្វាយបង្គំ ព្រះតេជព្រះគុណ សាយ ជីវ័ន ព្រះគ្រូចៅអធិការវត្តព្រះហស្ថក្បាល ដែលស្ថិតនៅក្នុងភូមិព្រះហស្ថក្បាល ឃុំផ្ទះរ៉ុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះព្រះអង្គ បានបង្ហាញវត្ថុបុរាណចំនួនបី រួមមាន៖

១. ក្រឡធំលាបស្រទាប់រលោងពណ៌ត្នោត ជាប្រភេទកម្រ ព្រោះក្រឡនេះមានទំហំធំនិងមានរូបរាងល្អពេញលេញ ដែលមិនធ្លាប់ប្រទះឃើញនាពេលកន្លងមក។ តាមរយៈការវិភាគលើរូបរាង សាច់ដី ក្បាច់លម្អ និងស្រទាប់រលោងក្រុមការងារជំនាញបានសន្និដ្ឋានថា ក្រឡធំនេះផលិតឡើងនៅសម័យអង្គរនារវាងស.វ.ទី១២-១៣។ ដោយឡែកតួនាទីនៃការប្រើប្រាស់ក្រឡធំនេះ ក្រុមការងារកំពុងវិភាគបន្ថែម។

២. ក្អមទឹកសម័យអង្គរនារវាងស.វ.ទី៩-១០។ ក្អមប្រភេទនេះ ជាប្រភេទភាជន៍រឹងគ្មានស្រទាប់រលោង ហើយច្រើនប្រទះឃើញនៅក្រុមឡបង្កោងនិងតានី ក្នុងតំបន់អង្គរ។

៣. ដាវត្រួតពលសម័យបារាំងនារវាងឆ្នាំ១៨៦៣-១៩៤០ បានប្រទះឃើញនៅក្នុងបរិវេណវត្តកាលពី១០ឆ្នាំមុន។

ក្រោយពិនិត្យឃើញវត្ថុបុរាណទាំងបីខាងលើ លោកជំទាវបណ្ឌិតសភាចារ្យ បានទូលស្នើសុំវត្ថុបុរាណទាំងនោះ យកមករក្សាទុកនៅសារមន្ទីរជាតិដើម្បីអភិរក្ស ដាក់តាំងបង្ហាញ និង ផ្សព្វផ្សាយជូនដល់សាធារណជនជាតិនិងអន្តរជាតិឈ្វេងយល់ពីភាពសំបូរបែបនៃមរតកវប្បធម៌ខ្មែរដែលបន្សល់ទុក ក្រៅពីរូបចម្លាក់និងប្រាង្គប្រាសាទ។ ម្យ៉ាងទៀត វត្ថុបុរាណទាំងនេះ ជាផ្នែកមួយនៃការបង្ហាញពីបរិបទនៃប្រវត្តិសាស្ត្រនិងការវិវត្តអារ្យធម៌ខ្មែរសម័យអង្គររហូតដល់សម័យអាណានិគមបារាំង។

ដោយការឈ្វេងយល់ពីឧត្តមប្រយោជន៍រួមសម្រាប់ជាតិ ព្រះគ្រូចៅអធិការ បានយល់ព្រមប្រគល់វត្ថុបុរាណទាំងនោះតាមការស្នើសុំ។ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក៏បានថ្វាយនូវសេចក្តីអរព្រះគុណប្រគេនចំពោះព្រះគ្រូចៅអធិការនិងអាជ្ញាធរដែនដី ដែលយល់ព្រមប្រគល់វត្ថុបុរាណមករក្សាទុកនៅសារមន្ទីរជាតិ។

បច្ចុប្បន្ន វត្ថុបុរាណទាំងបីមុខកំពុងរក្សាទុកនៅក្នុងរោងជាងជួសជុលនៃសារមន្ទីរជាតិកម្ពុជា៕


Telegram