រាជធានីភ្នំពេញ ៖ ដល់ថ្ងៃស៊យ ជនសង្ស័យ២នាក់ជិះម៉ូតូ ឃើញគេនិយាយទូរសព្ទតាមផ្លូវ ក៏លូកដៃទៅឆក់ ហើយនាំគ្នាជិះរត់គេច មិនទាន់បានប្រមាណផង ក៏ជ្រុលទៅបុករទេះលក់ប្រហិត បណ្ដាលឲ្យរបួសទាំង២នាក់ ផ្អើលដល់បងប្អូនប្រជាពលរដ្ឋចាប់ប្រគល់ខ្លួនឲ្យសមត្ថកិច្ច ។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិសាមគ្គី ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ វេលាម៉ោង៨យប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៤ ។
បើតាមការអះអាងរបស់នារីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូតាមបណ្ដោយផ្លូវជាលេខ ៥ មកដល់មុខវត្ត ក៏លេចមុខជនសង្ស័យ២នាក់ ក៏ធ្វើសកម្មភាពលូកដៃឆក់មកលើរូបគាត់ ហើយក៏នាំគ្នាជិះរត់គេចខ្លួនបាត់ តែក៏មានបងប្អូនប្រជាពលរដ្ឋជិះដេញតាមស្រែកចោរៗ ភ្លាមនោះជនសង្ស័យភ័យពេក ក៏នាំគ្នាជិះរត់គេចមកដល់ក្នុងភូមិសាមគ្គី ស៊យក៏ជិះម៉ូតូទៅបុករទេះលក់ប្រហិតពេញមួយទំហឹង បណ្តាលឲ្យរងរបួសទាំង២នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋស្វាគមន៍ម្នាក់មួយដៃមួយជើង និងរាយការណ៍ជូនសមត្ថកិច្ច។
ក្រោយពេលកើតហេតុសមត្ថកិច្ច ក៏បានមកដល់បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់បញ្ជូនទៅប៉ុស្តិ៍នគរបាលឬស្សីកែវ ដើម្បីសាកសួរនាំនិងធ្វើតាមនីតិវិធីច្បាប់ ៕ Mrr Ka