រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ជិះម៉ូតូមួយគ្រឿង ឌុបគ្នាមកធ្វើសកម្មភាពលួចយកម៉ូតូស្កុបពីមួយគ្រឿងបានសម្រេច គេចខ្លួនបាត់ដោយសុវត្ថិភាព ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល៤និង ៤៥នាទីល្ងាច ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិព្រៃល្ងរ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះ លីម ពេជ្រ ភានីន អាយុ២៤ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុន រស់នៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GK-6443 មកកន្លែងធ្វើការ ដែលមានទីតាំងនៅចំណុចកើតហេតុ ហើយបានទុកម៉ូតូនៅក្នុងចំណតការិយាល័យ តែមិនបានចាក់សោរកនោះទេ និងសន្ទះសោរក៏មិនបានបិទដែរ រួចចូលទៅក្នុងការិយាល័យ ហើយធ្វើការរហូតដល់វេលាម៉ោង ៥និង ១៥នាទីល្ងាច ខ្លួនក៏ទៅមើលម៉ូតូស្រាប់តែបាត់តែម្តង ក៏ប្រញាប់បើកកាមេរ៉ាសុវត្ថិភាពរបស់អ្នកជិតខាងមើល ក៏ឃើញជនសង្ស័យ៣នាក់ ដូចក្នុងរូបភាពបានបង្ហាញនេះ ជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JD-1432 មកធ្វើសកម្មភាពលួចម៉ូតូរបស់គាត់ ទើបជនរងគ្រោះទៅដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវតាមចាប់ជនសង្ស័យខាងលើ យកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត៕ អែល មេសា