រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពស្រ្តីវ័យចំណាស់ម្នាក់ អណ្ដែតទឹកក្បែរច្រាំងទន្លេ បង្កការភ្ញាក់ផ្អើល និងប្រញាប់រាយការណ៍ទៅសមត្ថកិច្ចជំនាញ ដើម្បីចុះមកធ្វើការពិនិត្យ ។
ហេតុការណ៍នេះកើតឡើងនៅភូមិ ក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ វេលាម៉ោង១០យប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងប្រជានេសាទនៅក្បែរច្រាំងទន្លេ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានជិះទូករកត្រីដូចសព្វមួយដង ស្រាប់តែប្រទះឃើញសាកសពមួយ បានអណ្តែតក្បែរច្រាំងទន្លេ រួចក៏ជិះទៅមើល ក៏ឃើញសពអ៊ំស្រីចំណាស់ម្នាក់ វ័យប្រហែលជាង ៦០ ឆ្នាំជាង បានអណ្តែតផ្កាប់មុខនៅក្នុងទឹក មិនដឹងថាស្លាប់ពីពេលណាមកទេ។
ភ្លាមនោះពួកគាត់ក៏បានទំនាក់ទំនងទៅរកសមត្ថកិច្ចមូលដ្ឋានឲ្យជួយចុះមកមើល ហើយក៏ស្រង់សពអ៊ំស្រីចំណាស់ខាងលើនោះ យកមកដាក់ក្បែរច្រាំងទន្លេ ភ្លាមនោះសមត្ថកិច្ចក៏បានមកដល់ រួចក៏បានទំនាក់ទំនងទៅរកខាងជំនាញចក្ខុនិងកោសល្យវិច័យ។
ក្រោយពេលកើតហេតុ សពរបស់ស្រ្តីរងគ្រោះ សមត្ថកិច្ចជំនាញកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់បញ្ជាក់ថា ពិតជាស្លាប់ដោយសារតែលង់ទឹកពិតប្រាកដមែន។
សមត្ថកិច្ចក៏បានបន្តទៀតថា សាកសពគាត់បានប្រគល់ឲ្យទៅខាងសមត្ថកិច្ចជំនាញយកទៅតម្កល់ទុកនៅឯវត្ត រង់ចាំក្រុមគ្រួសារសាច់ញាតិមកទទួលយកសាកសពយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ Mrr Ka