ជនសង្ស័យមុខសញ្ញាកាច់កម៉ូតូ ៣នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបាន ក្រោយធ្វើសកម្មភាពបានសម្រេច
សន្តិសុខសង្គម
154

រាជធានីភ្នំពេញ ៖ ដោយទទួលបានបទបញ្ជាដោយផ្ទាល់ពីលោកវរសេនីយ៍ឯក​អ៊ុក បូនីន អធិការនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឲ្យតាមបណ្តាប៉ុស្តិ៍យកចិត្តទុកដាក់ល្បាតពួនស្ទាក់ បង្ការទប់ស្កាត់ និង បង្ក្រាបរាល់បទល្មើសផ្សេងៗដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី២

ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៣

ស្តីពីករណី លួចមានស្ថានទម្ងន់ទោស ។

សូមបញ្ជាក់ថា ការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង៥និង៣០នាទី ព្រឹក ថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ២០២៤ ត្រង់ចំណុចផ្លូវលំ ភូមិដំណាកធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ភ្នំពេញ ។

-ជនសង្ស័យទី១ ឈ្មោះ ហៃ ហេង ភេទប្រុសអាយុ ២៨ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

-ជនសង្ស័យទី២ ឈ្មោះ ឌី ឌឿន ភេទប្រុស អាយុ ៤១​ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

-ជនសង្ស័យទី៣ ឈ្មោះ ឡាក់ កានហាវ ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។

ចំណែក ជនរងគ្រោះ ឈ្មោះ រិទ្ធ ម៉ារ៉ាឌី ភេទប្រុស អាយុ២២ ឆ្នាំ​ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងនោះ សម្ភារៈបាត់បង់ ៖ ម៉ូតូ០១ គ្រឿងម៉ាកសង់ ពណ៌ខ្មៅ ឆ្នាំ២០១៨ ស្លាកលេខ 1X4724 ។ ចំណែកសំភារៈដកហូតរួមមាន ទូរសព្ទដៃ ០១ គ្រឿងម៉ាក Real Me ពណ៌ខ្មៅ ទូរសព្ទម៉ាកណូគា ពណ៌ក្រហម ០១ គ្រឿង និងម៉ូតូ ០១​គ្រឿងម៉ាក សង់ពណ៌ខ្មៅ ឆ្នាំ ២០១៤ឡើងតែម ២០២២ ស្លាកលេខកណ្តាល 1R -1779 ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២៤ នៅវេលាម៉ោង១២និង ៣០នាទី រំលងអាធ្រាត្រ ជនរងគ្រោះ បានជិះម៉ូតូត្រឡប់មកពីធ្វើការវិញ ហើយយកម៉ូតូចតទុកក្នុងរបងផ្ទះជួល ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាចំណុចកើតហេតុ ដោយបានចាក់សោរកម៉ូតូ និងចាក់ទ្វាររបង រួចឡើងទៅសម្រាកក្នុងបន្ទប់ជាន់ទី១ បាត់ទៅ។ រហូតដល់វេលាម៉ោង ០១​រំលងអាធ្រាត្រ ថ្ងៃ ខែ ឆ្នាំ ដដែល ស្រាប់តែមានជនសង្ស័យចំនួន ០៣ នាក់ ចូលទៅធ្វើសកម្មភាពកាច់កម៉ូតូខាងលើ ហើយឈ្មោះ ឡាក់ កានហាវ នៅចាំមើលផ្លូវពេលធ្វើសកម្មភាពបានសម្រេចហើយជនសង្ស័យទាំង០៣ បានជិះម៉ូតូគេចខ្លួនបាត់។

លុះនៅវេលាម៉ោង ០៤ និង ០០ នាទីព្រឹកថ្ងៃ​​ ខែ ឆ្នាំ ដដែល ជនរងគ្រោះបានភ្ញាក់ពីគេងដើរទៅមុខចាក់សោរទ្វារបងដើម្បីអោយបងចេញទៅធ្វើការ ស្រាប់តែបាត់ម៉ូតូ លុះមកដល់ម៉ោង ០៧និង៣០នាទីព្រឹកថ្ងៃខែឆ្នាំ ដដែល ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ក្រោយទទួលពាក្យបណ្តឹងភ្លាមកម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុដើម្បីស្រាវជ្រាវនិងប្រមូលភស្តុតាង រួចធ្វើការឆែកកាមេរ៉ាសុវត្ថិភាព រួចក៏កំណត់មុខសញ្ញាជនសង្ស័យបាន។

រហូតដល់វេលាម៉ោង ០៥ និង ៣០នាទី ល្ងាចថ្ងៃទី២៤ ខែ កុម្ភៈឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ បានជិះល្បាតមកដល់ចំនុច ផ្លូវលំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យ០៣នាក់ កំពុងតែជិះម៉ូតូ០១ គ្រឿងសង់ពណ៌ខ្មៅ ឆ្នាំ ២០១៤ឡើងតែម ២០២២ ស្លាកលេខកណ្តាល 1R -1779 ក៏ឃាត់យកមកស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរតែម្តង។

ជនសង្ស័យទាំង០៣ ក៏បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពខាងលើពិតប្រាកដមែន ហើយម៉ូតូរបស់ជនរងគ្រោះ ជនសង្ស័យទាំង០៣​ បានយកលក់អោយឈ្មោះ ជា នៅផ្លូវលំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ បានលុយចំនួន ១ លានរៀល ហើយចែកគ្នាចាយអស់ទៅ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីធ្វើការសាកសួរ ចាត់ការតាមនិតិវិធីច្បាប់ ៕ អែល វិចិត្រ


Telegram