ខេត្តកំពង់ចាម ៖ យោងតាមការចេញផ្សាយរបស់ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម បានឲ្យដឹងថា
លោក ទន់ ឆៃអ៊ាង អះអាងថា យ៉ាងយូរជាង ១០ថ្ងៃ ក្រុមការងារនឹងកាយយកថ្មចេញពីទន្លេឲ្យអស់។
លោក ទន់ ឆៃអ៊ាង ដែលជាម្ចាស់ដី បានចាក់ថ្មចូលទន្លេ សន្យាថា ក្រុមការងាររបស់លោក នឹងខិតខំប្រឹងប្រែងអនុវត្តទៅតាមការណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាម ដោយកាយយកថ្មចេញពីទន្លេ ឲ្យអស់យ៉ាងយូរជាង ១០ ថ្ងៃ ។
លោក ទន់ ឆៃអ៊ាង បានអះអាងដូច្នេះនៅព្រឹកថ្ងៃទី ២៦ ខែកុម្ភៈឆ្នាំ ២០២៤ នៅចំណុចកើតហេតុ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
លោក ទន់ ឆៃអ៊ាង បានបញ្ជាក់ទៀតថា ក្រុមការងាររបស់លោក គឺធ្វើការ ២៤ ម៉ោងតែម្ដង ដោយបច្ចុប្បន្នកាយបានប្រមាណជា ១០% ហើយ ដោយប្រើគ្រឿងចក្រ អាអិច ៦ គ្រឿង ប្លុងតុង ២ និងរថយន្ត ២គ្រឿង សម្រាប់កាយថ្មចេញពីទន្លេ ឱ្យរួចរាល់ក្នុងរយៈពេលជាង ១០ថ្ងៃទៀត។
ម្ចាស់ដីរូបនោះបានឲ្យដឹងទៀតថា កាលពីឆ្នាំ ២០២១ កន្លងទៅ ច្រាំងទន្លេគឺនៅចំណុចដែលបានចាក់ថ្មនោះ បានបាក់ស្រុតជាបន្តបន្ទាប់ ហេតុដូច្នោះហើយ ទើបលោកបានចាក់ថ្មដើម្បីទប់កុំឲ្យបាក់ច្រាំងបន្តទៀត ។ ហើយអ្វីដែលជាកំហុសនោះ គឺលោកមិនបានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរ មុនពេលធ្វើសកម្មភាព ទើបបណ្តាលឲ្យកើតមាននូវបញ្ហានេះ ។
លោក ទន់ ឆៃអ៊ាង បានបញ្ជាក់បន្ថែមថា លោកសូមទទួលនូវកំហុសនេះ និងអនុវត្តទៅតាមវិធានការ របស់រដ្ឋបាលខេត្តកំពង់ចាម យល់ព្រមបញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ និងខិតខំធ្វើការកាយយកថ្មដែលបានចាក់រួចហើយនោះចេញវិញឲ្យអស់ មុនពេលកំណត់ ៧០ថ្ងៃ ។
សូមរំលឹកថា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ អាជ្ញាធរខត្តកំពង់ចាម បានចាត់វិធានការជាបន្ទាន់ករណី លោក ទន់ ឆៃអ៊ាង បានចាក់ថ្មចូលទន្លេមេគង្គប្រុងយកធ្វើជាកម្មសិទ្ធិ ស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយអាជ្ញាធរបានហៅលោក ទន់ ឆៃអ៊ាង មកផ្តិតមេដៃ ឲ្យបញ្ឈប់ជាបន្ទាន់ និងកាយថ្មចេញវិញក្នុងរយៈពេល៧០ថ្ងៃ។
ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពង់ចាម បានតម្រូវឱ្យភាគីម្ចាស់ដី ដែលកំពុងធ្វើសកម្មភាពចាក់ថ្មចូលទន្លេនេះអនុវត្តដូចខាងក្រោម៖
*ទី១៖ បញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដោយគ្មានច្បាប់អនុញ្ញាត ទោះក្នុងហេតុផលណាមួយក៏ដោយ
*ទី២៖ ត្រូវធ្វើការកាយ និងយកថ្ម ដែលបានចាក់រួចហើយនេះចេញវិញឲ្យអស់យ៉ាងយូរក្នុងរយៈពេល ៧០ថ្ងៃកំណត់ និងមិនត្រូវកាយពង្រាយទម្លាក់ចូលក្នុងទឹកទន្លេឡើយ ដើម្បីបញ្ចៀសផលប៉ះពាល់ទៅថ្ងៃក្រោយ សម្រាប់ការធ្វើចរាចរណ៍តាមផ្លូវទឹក
*ទី៣៖ ភាគីម្ចាស់ដី ត្រូវធ្វើសេចក្តីរាយការណ៍មករដ្ឋបាលខេត្តកំពង់ចាម ក្នុងរយៈពេល០១ខែម្តង (រៀងរាល់ចុងខែនីមួយៗ) ពីវឌ្ឍនភាពនៃការកាយថ្មចេញពីទន្លេ។ ក្រុមការងាររបស់រដ្ឋបាលខេត្តកំពង់ចាម នឹងចុះធ្វើការពិនិត្យ តាមដានការអនុវត្តវិធានការនេះ នៅរៀងរាល់មួយសប្តាហ៍ម្ដង ឬពេលវេលាជាក់ស្តែង។
លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម បានបញ្ជាក់បន្ថែមថា នេះគ្រាន់តែជាវិធានការបឋម និងជាបន្ទាន់របស់រដ្ឋបាលខេត្តកំពង់ចាមប៉ុណ្ណោះ ហើយវិធានការតាមផ្លូវច្បាប់នៅតែបន្ត៕