រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ច ធ្វើស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបាន និងប្រគល់ទូរសព្ទឲ្យជនរងគ្រោះវិញ ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទជនជាតិរុស្សី នៅចំណុចលើសួនច្បារមុខណាហ្គា១ ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៥:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានធ្វើការស្រាវជ្រាវបង្ក្រាបករណីឆក់ទូរសព្ទ័ដៃ និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចក្បែរស្ពាននាគភ្លោះចេញកោះពេជ្រ។
ជនរងគ្រោះឈ្មោះBULAT SULEIMANOV ភេទប្រុស ជនជាតិរុស្សី ស្នាក់នៅខុនដូរPK ផ្លូវ៤៣០ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន មុខរបរ បុគ្គលិកក្រុមហ៊ុនផ្នែកអាយ.ធី។
ចំណែកជនសង្ស័យដែលឃាត់ខ្លួនបាននេះ មានឈ្មោះ ចាន់ រស្មី ភេទប្រុស ជាតិខ្មែរ មានទីលំនៅមិនពិតប្រាកដ មុខរបរគ្មាន (មានសារធាតុញៀន) ប្រព្រឹត្តល្មើសនៅចំណុចលើសួនច្បារមុខណាហ្គា១ ផ្លូវសួនច្បារសម្តេច សង្កាត់ទន្លេបាសាក់ចំការមន កាលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៩យប់។
ក្នុងនោះ វត្ថុតាងចាប់យក៖ ទូរស័ព្ទដៃម៉ាកXiaomi11 ULTRA ពណ៌ខ្មៅ ស៊ីមគ្មាន។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់ទូរស័ព្ទជូនជនរងគ្រោះវិញតាមស្នើសុំ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជួនសាលាដំបូងរាជធានី ដើម្បីចាត់ការតាមនីតិវិធី៕ អែល វិចិត្រ