រាជធានីភ្នំពេញ ៖ យោងតាមការចេញផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងពី សេចក្តីបំភ្លឺព័ត៌មាន របស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធនឹងការឃាត់រថយន្ត ១គ្រឿង នៅចំណុចស្តុបព្រែកបារាំង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។
តាមសេចក្តីបំភ្លឺបានឲ្យដឹងថា តាមរយៈការបង្ហោះព័ត៌មានរបស់គណនីឈ្មោះ Un Chanpanharith បានបង្ហាញថា កាលពី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ មានជនស៊ីវិលមួយក្រុមបានឃាត់រថយន្តមួយគ្រឿង នៅចំណុចស្តុបព្រែកបារាំង ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីសាកសួរព័ត៌មាន។
ករណីនេះ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ សូមបញ្ជាក់ថា ក្រុមជនស៊ីវិលមួយក្រុមនោះ គឺជា កងកម្លាំងប្រតិបត្តិការរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានទទួល បញ្ជាឲ្យចុះអនុវត្តដីការបស់ព្រះរាជអាជ្ញា នៃសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែប្រតិបត្តិការនេះមានការភាន់ច្រឡំ ចំពោះអត្តសញ្ញាណរថយន្ត ដែលបណ្តាលឲ្យមានការរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ ក្រោយពីដឹងថាមានការភាន់ច្រឡំបែបនេះ កងកម្លាំងប្រតិបត្តិការទាំងអស់បានដកមកកាន់អង្គភាពវិញ។
ចំណុចខ្វះខាត ក្នុងប្រតិបត្តិការ ធ្វើឲ្យមានការសង្ស័យគឺដោយសារកងកម្លាំងអនុវត្តច្បាប់ មិនបានគ្រងឯកសណ្ឋានជាសមត្ថកិច្ច (តែមានពាក់ប័ណ្ណសម្គាល់ខ្លួន)។
ពាក់ព័ន្ធហេតុការណ៍នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមទទួលយកនូវចំណុចខ្វះខាតក្នុងការ អនុវត្តភារកិច្ចរបស់កងកម្លាំង និងស្នើសុំឲ្យមានការយោគយល់អធ្យាស្រ័យចំពោះកំហុសឆ្គងទាំងនេះ។ អគ្គស្នងការដ្ឋាននគរបាលជាតិនឹងធ្វើការពិនិត្យ ណែនាំកែលម្អឡើងវិញដល់កងកម្លាំងប្រតិបត្តិការ និងសូម អរគុណនូវរាល់កិច្ចសហការផ្តល់ព័ត៌មានក្នុងន័យស្ថាបនា ព្រមទាំងសង្ឃឹមថាសាធារណជនពុំមានទស្សនៈ ទុទ្ទិដ្ឋិនិយម ចំពោះហេតុការណ៍នេះឡើយ ៕