រាជធានីភ្នំពេញ ៖ ភ័យលោះព្រលឹង ប្រញាប់រត់ទៅប្រាប់សមត្ថកិច្ច ខណៈប្រជាពលរដ្ឋ បានប្រទះឃើញសពបុរសម្នាក់ ស្លាប់រលួយនៅសល់តែគ្រោងឆ្អឹង នៅក្រោមដើមឈើ ក្នុងដីឡូតិ៍មួយកន្លែង ខាងលិចស្ពានអាកាស៧មករា ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៣០ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតក្នុងភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សពបុរសរូបនោះពុំត្រូវបានគេស្គាល់អត្តសញ្ញាណឡើយ ដោយមានសភាពរលួយសល់តែគ្រោងឆ្អឹង និងលលាដ៍ក្បាល ស្លៀកខោកីឡាឆ្នូតពណ៌ស អាវក្រឡាការ៉ូ និង ក្រមាចងជាប់ដើមសង្កែ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ មានប្រជាពលរដ្ឋម្នាក់បានចូលទៅក្នុងព្រៃដីឡូតិ៍ គោលបំណងបត់ជើង តែក៏បានប្រទះឃើញគ្រោងឆ្អឹង និងលលាដ៍ក្បាលមនុស្ស នៅក្រោមដើមសង្កែក្នុងដីឡូតិ៍ ដោយមានក្រមាក្រហមចំនួន១ចងភ្ជាប់នឹងដើមនោះ ភ្លាមៗប្រជាពលរដ្ឋក៏បានរាយការណ៍ទៅនគរបាលមូលដ្ឋាន ដើម្បីទាក់ទងនគរបាលជំនាញចុះទៅត្រួតពិនិត្យ ។
បច្ចុប្បន្ននគរបាលជំនាញក៏បានចុះទៅត្រួតពិនិត្យ បន្ទាប់ពីនគរបាលជំនាញត្រួតពិនិត្យ និងធ្វើកោសល្យវិច័យរួច បានដាក់ការសន្និដ្ឋានថា គ្រោងឆ្អឹងនោះជាមនុស្សប្រុស ហើយស្លាប់ដោយសារចងក ៕ អែល មេសា