រាជធានីភ្នំពេញ៖ បន្ទាប់ពីឱសានវាទ០៧ថ្ងៃ នៃការអប់រំត្រូវបានបញ្ចប់ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក មាននគរបាល កម្លាំងកងរាជអាវុធហត្ថ និងអាជ្ញាធរខណ្ឌ សង្កាត់ដែលមានការពាក់ព័ន្ធ បានចុះរដ្ឋបាលរៀបចំសណ្តាប់ធ្នាប់ ដោយប្រើប្រាស់វិធានការក្តៅ ធ្វើការរឹបអូសយកសម្ភារះ និងទំនិញលក់ដូរទាំងអស់ ដែលនៅតែបន្តដាក់លក់លើចិញ្ចើម ឬចំណីផ្លូវលេខ២៤៥ ( មហាវិថីម៉ៅសេទុង ) ។
ការចុះអនុវត្តវិធានការរដ្ឋបាលដ៏ក្តៅនេះ ធ្វើឡើងនាយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមការដឹកនាំដោយផ្ទាល់ពីសំណាក់លោក ជា ពិសី អភិបាលខណ្ឌទួលគោក ដោយធ្វើឡើងគិតចាប់ពីស្តុបចេនឡា ហូតដល់ស្តុបកែវផ្លូវទេពផន ។
លោកស៊ឹប សុផង់ អភិបាលរងខណ្ឌទទួលបន្ទុកកិច្ចការងារសណ្តាប់ធ្នាប់សាធារណៈ បានប្រាប់ ឱ្យដឹងថា ៖ លទ្ធិផល នៃការចុះរដ្ឋបាល នៅយប់ថ្ងៃខែខាងលើនេះ កម្លាំងគណៈបញ្ជាការឯកភាព បានពិនិត្យឃើញថា មានការចូលរួមសហការពីបងប្អូនពលរដ្ឋជាអ្នកលក់ដូរប្រមាណ ៨០ភាគរយហើយ នៅឡើយ២០ភាគរយប៉ុណ្ណោះដែលនៅតែមិនចូលរួម ដូច្នោះហើយ អាជ្ញាធរបានធ្វើការដកហូតសម្ភារះ និងទំនិញលក់ដូររបស់ពួកគាត់ ដោយយកទៅរក្សាទុកបណ្តោះអាសន្ននៅសាលាខណ្ឌ រងចាំមានការសម្រេចជាថ្មី ។
លោកអភិបាលរងបន្តថា ៖ ការលក់ដូរ ឬសាងទំនិញពីរថយន្តទៅម៉ូតូ ឬរ៉ឺម៉ក ភាគច្រើនកើតឡើងនៅវេលាកណ្តាលអាធ្រាត្រ និងទាបភ្លឺ ដែលក្រុមអ្នកលក់ដូរតែងយកផ្លូវ និងចំណីចិញ្ចើមមុខផ្ទះប្រជាពលរដ្ឋលើមហាវិថីម៉ៅសេទុង ធ្វើអាជីវកម្ម ដោយមិនសុំការអនុញ្ញាតពីម្ចាស់ផ្ទះ និងមិនខ្វល់ពីផលប៉ះពាល់ដល់បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណះនោះឡើយ ។
គួររំលឹកផងដែរថា មុនឈានដល់ការអនុវត្តវិធានការក្តៅខាងលើនេះ អាជ្ញាធរសង្កាត់ខណ្ឌ បានធ្វើការចុះណែនាំ និងអប់រំជាច្រើនលើកច្រើនដោយសារ ដោយការណែនាំផ្ទាល់មាត់ តាមរយះការផ្សព្វផ្សាយឃោសនៈស័ព្ទ និងការចេញសេចក្តីជូនដំណឹងជាបន្តបន្ទាប់មកជាហូរហែរផងដែរ ដោយប្រើប្រាស់ពេលវេលាយូរគួរសម ក្នុងការឱ្យពលរដ្ឋចូលរួមគោរព ជាវិធានការរដ្ឋបាលរបស់អាជ្ញាធរ ក្នុងការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណះ ឱ្យបានល្អប្រសើរឡើង ៕ មេសា