យោងតាមផេក ផ្លូវការរបស់ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានពិនិត្យឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងកាស៊ីណូអនឡាញ និងល្បែងភ្នាល់អនឡាញដែលជាល្បែងស៊ីសងខុសច្បាប់តាមទំព័រហ្វេសប៊ុកចំនួន ៨ទំព័រ ដូចមានឈ្មោះ និងរូបភាពបង្ហាញខាងក្រោម៖ (1)Sports788 (2)LOTTO8888-C4 (3)IBC2888 CS2 (4)89Lucky Service (5)Ai 2888 VIP (6)Fafa333kh L1 (7)SB24 SHOW C1 និង(8)សង្វៀនមាន់ជល់-Sb88 ដែលជាសកម្មភាពល្មើសនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងច្បាប់ស្ដីពីការបង្រ្កាបល្បែងស៊ីសង។
ការផ្សព្វផ្សាយនេះ បានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ សណ្តាប់ធ្នាប់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ករណីនេះ អាជ្ញាធរមានសមត្ថកិច្ចបាននិងកំពុងតាមដាន ស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបលើបុគ្គលផ្សព្វផ្សាយល្បែង អ្នកដំណើរការ អ្នកលេង និងអ្នកពាក់ព័ន្ធទៅនឹងល្បែងស៊ីសងខុសច្បាប់។
អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និងជៀសវាងការចូលរួមរាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់ទាំងនេះ ៕