ខេត្តតាកែវ ៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១និង៣០នាទី រសៀល ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិជើងកូត ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ ។
តាមរបាយការណ៍ពីសមត្ថកិច្ចដែលTVFB ទទួលបាន បានឲ្យដឹងថា ផ្ទះដែលអគ្គិភ័យឆាបឆេះនេះ មានម្ចាស់ឈ្មោះ នី ជីវ័ន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាកសិករ និងប្រពន្ធឈ្មោះ ជាតិ មិនា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរធ្វើស្រែ ដោយបានឆាបឆេះអស់ចំនួន ២ខ្នង សង់អំពីឈើ ប្រក់ស៊ីប្រូស៊ីម៉ង់ ជញ្ជាំងក្តារ ទំហំ៦ម៉ែត្រ គុណនឹង៨ម៉ែត្រ ឆេះអស់ទាំងស្រុង ។
ក្នុងនោះក៏បានឆេះបំផ្លាញ ទូរទស្សន៍០១គ្រឿង , គ្រែដេក ចំនួន ០១ , ពូកចំនួន០១ , អង្ករ ២៥គីឡូក្រាម , ខោអាវ១៥កំប្លេរ , ចាន ឆ្នាំង មួយចំនួន និងឯកសារផ្សេងៗ អត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត ។
ជុំវិញករណីនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកបាទី ចំនួន ០១ ឡាន ទើបរលត់ទៅវិញ ដោយករណីនេះ មិនបណ្តាលឲ្យគ្រោះថ្នាក់ ដល់ជីវិត មនុស្ស សត្វនោះទេ ។ ចំណែកមូលហេតុសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ៕ អែល វិចិត្រ