រាជធានីភ្នំពេញ ៖ ប្រិយមិត្តបានជ្រាបហើយ ថ្មីៗកន្លងទៅនេះតារាល្បីៗជាច្រើននាក់ ពិសេសនាយ គ្រឿន តែម្តង ដែលមានអ្នកគាំទ្រច្រើនជាងគេ គ្រប់ស្រទាប់ គ្រប់វ័យ តែមកត្រូវអ្នកគាំទ្ររបស់លោក រិះគន់ដូចទឹកបាក់ទំនប់ ក្រោយ នាយគ្រឿន ទទួលផ្សព្វផ្សាយពាណិជ្ជកម្ម ល្បែង និងគ្រឿងស្រវឹង ជាបន្តបន្ទាប់ ក្នុងនោះក៏មានទាំងតារាកំប្លែង នាយ ពែកមី ផងដែរ ។
ប៉ុន្តែទោះបីជាយ៉ាងណា ដើម្បីផ្គាប់ចិត្តមហាជន ដែលជាអ្នកគាំទ្រ នាយគ្រឿន បានបង្ហោះវីដេអូប្រកាសផ្តាច់កុងត្រា ឈប់ទទួលផ្សព្វផ្សាយល្បែង និងគ្រឿងស្រវឹងទៀតហើយ ចាប់ពីពេលនោះតទៅមួយជីវិត ។ ដោយឡែក នាយ ពែកមីវិញ បានបញ្ជាក់ថា ចប់កុងត្រា ខ្លួនឈប់ផ្សាយអោយ ហ្គេមអនឡាញ ទៀតហើយ ។
ស្រាប់តែនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក៏មានការបង្ហោះវីដេអូនៅលើផេកផ្លូវការរបស់ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានសរសេរថា «នាយពែកមី ស្តាយក្រោយបន្ទាប់ពីបានផ្សព្វផ្សាយពាណិជ្ជកម្មឱ្យហ្គេមអនឡាញមួយដែលគ្មានអាជ្ញាប័ណ្ណ ហើយអំពាវនាវកុំឱ្យប្រជាពលរដ្ឋផ្សព្វផ្សាយនិងលេងល្បែងស៊ីសងខុសច្បាប់» (ដាក់វីដេអូចូល)