ក្រសួងការពារជាតិ៖ ការប្រើប្រាស់យានយន្ត ពាក់ផ្លាកលេខចរាចរខេមរភូមិន្ទទាំងអស់ អ្នកប្រើប្រាស់ត្រូវតែជានាយទាហាន ដែលមានសិទ្ធពេញលេញ មិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់ឡើយ
សន្តិសុខសង្គម
88

រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នៃក្រសួងការពារជាតិ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញនូវសេចក្តីជូនដំណឹង ស្តីពី ការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ន។

យោងតាមអនុក្រឹត្យលេខ៧៧ អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ ស្តីពីការចេញផ្លាក លេខសម្គាល់យានជំនិះ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ សូមជូនដំណឹងដល់បណ្តា ស្ថាប័ន កងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងគ្រប់បណ្តាប្រភេទទ័ពជំនាញទាំងអស់ ឱ្យបានជ្រាបថា អាស្រ័យដោយស្ថានភាពនៃការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទ ក្នុងរយៈពេលចុងក្រោយនេះ សង្កេតឃើញកើតមាននូវបាតុភាពមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់សង្គម សាធារណៈ ដូចជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បុគ្គលអ្នកប្រើប្រាស់មួយចំនួនមានភាពក្រអឺតក្រទមមិន សក្តិសមជាមន្ត្រីយោធា ធ្វើឱ្យមានការវាយតម្លៃ និងទទួលការរិះគន់ពីសាធារណជន ជាពិសេសប៉ះពាល់ ដល់កិត្តិយសនៃកងយោធពលខេមរភូមិន្ទទាំងមូល ។

អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ សូមជូនដំណឹង និងបញ្ជាក់បន្ថែមអំពី ការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទទាំងអស់ ដោយអនុវត្តតាមអនុក្រឹត្យ លេខ៧៧ អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ អ្នកប្រើប្រាស់ត្រូវតែជានាយទាហានដែលមានសិទ្ធពេញលេញ ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ ។ ការប្រើប្រាស់យានយន្តពាក់ផ្លាក លេខចរាចរខេមរភូមិន្ទ ត្រូវស្របតាមការកំណត់របស់ក្រសួងការពារជាតិ ចំពោះក្រុមហ៊ុនសហការវិនិយោគ វិស័យការពារជាតិនានាក់ត្រូវបានអនុវត្តដូចគ្នា ។ ក្នុងករណីដែលអនុវត្តការប្រើប្រាស់ផ្ទុយខុសពីខ្លឹមសារ មាន ។ ខាងលើ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ នឹងចាត់វិធានការច្បាប់ជាធរមាន ។

អាស្រ័យហេតុនេះ សូមបណ្តាស្ថាប័ន កងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងគ្រប់បណ្តាប្រភេទទ័ពជំនាញទាំងអស់ មេត្តាជ្រាប និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត ។

សូមបញ្ជាក់ថា ទន្ទឹមនឹងនោះដែរ នៅថ្ងៃទី២៦ ខែកុម្ភៈ​ឆ្នាំ២០២៤ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នៃក្រសួងការពារជាតិ ក៏បានចេញនូវលិខិតបញ្ជាក់ ពីអត្តសញ្ញាណរថយន្តដែលពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-4572 បើកបរដោយជនជាតិចិន ក្នុងគ្រោះថ្នាក់ចរាចរណ៍បើករត់ ហើយត្រូវចាប់បានមកវិញ នៅឯខេត្តព្រះសីហនុ កន្លងទៅផងដែរ ដោយបញ្ជាក់ថា ជាស្លាកលេខបំពាក់លើរថយន្តប្រភេទផ្សេង តែត្រូវបានយកមកបំពាក់លើរថយន្តនេះទៅវិញ ។

សូមអានលិខិតទាំងស្រុង៖


Telegram