ខេត្តព្រះសីហនុ ៖ យោងតាមផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង១៩: ៣០នាទី ត្រង់ចំណុច មហាវិថីជំទាវម៉ៅ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណី អំពើលួចមានស្ថានទម្ងន់ទោស០១កើតឡើងបង្កដោយជនសង្ស័យ០១ក្រុមមានគ្នា០៩នាក់បានជិះម៉ូតូចំនួន៣គ្រឿង ចេញពីខេត្តព្រះសីហនុ ពេលមកដល់ចំណុចកើតហេតុ ក៏ធ្វើសកម្មភាពស្រែកគំរាម និងចុះដេញវាយជនរងគ្រោះ ឈ្មោះ សេង ចាន់ធឿន ភេទ ប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ខណៈពេលដែលជនរងគ្រោះ កំពុងជិះម៉ូតូល្បឿនយឺតៗបំរុងនឹងឈប់ ធ្វើឲ្យជនរងគ្រោះមានការភិតភ័យចុះរត់ចេញពីលើម៉ូតូ ហើយពួកវាបានយកម៉ូតូរបស់ជនរងគ្រោះ ម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ 1U-8196 បើករត់គេចខ្លួនតែម្តង។
ក្រោយពីទទួលបាន ពត៌មានភ្លាម លោកវរសរនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានដឹកនាំកម្លាំងធ្វើការដេញប្រផាប់ប្រភីង រហូតដល់ចំណុចស្ពានកំពង់ស្មាច់ ទើបចាប់ឃាត់ខ្លួនបានក្រុមជនសង្ស័យចំនួន៧នាក់ រួមជាមួយម៉ូតូចំនួន៣គ្រឿង (២នាក់ទៀតរត់គេចខ្លួនបាត់) ។ តាមការសួរចម្លើយ ក្រុមជនសង្ស័យ បានសារភាពថា ពួកខ្លួនពិតជាបានប្លន់យកម៉ូតូរបស់ជនរងគ្រោះប្រាកដមែនហើយបក្ខពួករបស់ខ្លួនទៀតកំពុងស្នាក់នៅក្រុងព្រះសីហនុ ។ក្រោយមកកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតវេលាម៉ោង២១និង០០នាទីយប់ ថ្ងៃខែឆ្នាំដដែល ទើបឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន២៣នាក់ ស្រីចំនួន០៦នាក់ ក្នុងកិច្ចប្រតិបត្តិការ ដែលអាចពាក់ព័ន្ធករណីខាងលើ រួចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ ។
ក្រោយពីធ្វើការសាកសួរ និងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ឃើញថាក្នុងចំណោមជនសង្ស័យទាំង២៣នាក់ ដែលសមត្ថកិច្ចឃាត់បាន មានជនសង្ស័យ ១១នាក់ ភេទប្រុស ដែលពាក់ព័ន្ធក្នុងករណីនេះ ចំណែក១២នាក់ទៀត (ប្រុស៦នាក់ ស្រី៦នាក់) មិនជាប់ពាក់ព័ន្ធបទល្មើសអ្វីឡើយ ដោយមានការអនុញ្ញាតពី ឯកឧត្ដម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងមានការសម្របសម្រួលពី លោកពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តព្រះសីហនុ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការអប់រំ និងធ្វើកិច្ចសន្យាអោយត្រលប់ទៅផ្ទះវិញ ។
ក្នុងនោះ វត្ថុតាងចាប់យកបានមានម៉ូតូចំនួន០៦គ្រឿង ទូរស័ព្ទចំនួន០៥គ្រឿង និងខ្សែក្រវ៉ាត់ចំនួន០៤ខ្សែ ។
ចំពោះជនសង្ស័យចំនួន១១នាក់ និងវត្ថុតាង ខាងលើ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះដីហនុ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ និងកំពុងបន្តស្វែងរកចាប់ខ្លួនជនសង្ស័យជាបក្ខពួកដែលបានរត់គេចខ្លួន ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ ៕