ខេត្តរតនគិរី ៖ គ្មានអ្វីសាហាវជាងមនុស្សទេលោកអើយ ... មានករណីឃាតកម្មដ៏សាហាវមួយបានកើតឡើង ដោយជនដៃដល់ជាប្អូន បានយកពូថៅ កាប់សម្លាប់បងស្រីបង្កើត និងបងថ្លៃរបស់ខ្លួនស្លាប់យ៉ាងរន្ធត់ទាំង២នាក់ រួចរត់គេចខ្លួន តែត្រូវសមត្ថកិច្ចសហការគ្នា តាមចាប់ខ្លួនបានមកវិញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់រូបនេះ មានឈ្មោះ យិន ធារិទ្ធ ហៅពៅ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅឯខេត្តត្បូងឃ្មុំ ត្រូវបានចាប់ខ្លួនបាន នៅវេលាម៉ោង១និង ៣០នាទី រសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចអូរកញ្ជាន់ ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី ក្រោយយកពូថៅ កាប់សម្លាប់បងស្រីបង្កើត និងបងថ្លៃរបស់ខ្លួន នៅវេលាយប់ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែកុម្ភៈ ។
ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធនេះរួមមាន៖
ទី១៖ ឈ្មោះ ណែម សុខជា អាយុ៥៧ឆ្នាំ មុខរបរកសិករ (ជាប្រពន្ធ) ស្លាប់កន្លែងកើតហេតុ
ទី២ឈ្មោះ ហាន ហន អាយុ៦១ឆ្នាំ មុខរបរកសិករ ស្លាប់កន្លែងកើតហេតុ ដូចគ្នា ។ទាំង២នាក់ប្តីប្រពន្ធនេះ រស់នៅបច្ចុប្បន្នភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី ។
ក្រោយសម្លាប់បងស្រីបង្កើត និងបងថ្លៃរួចហើយ ជនដៃដល់ជាឃាតក និងជាប្អូនរូបនេះ ក៏ជិះម៉ូតូរត់គេចខ្លួន ហើយត្រូវបានសមត្ថកិច្ចជំនាញខេត្ត សហការជាមួយនគរបាលនៃអធិការដ្ឋានស្រុកកូនមុំ និងនគរបាលប៉ុស្តិ៍ តាមចាប់ខ្លួនបានមកវិញ ។
ចំណែកមូលហេតុ សមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីទំនាស់ក្នុងគ្រួសារ ។
ពេលនេះសពទាំង២នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ។ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការ ចាត់ការតាមច្បាប់បន្តទៀត ៕