ខេត្តកំពត ៖ មានករណី ឆបោកមានស្ថានទម្ងន់ទោស(ក្រុមមានការចាត់តាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១២៖៣៦នាទី នៅភូមិទឹកក្រហម ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត បណ្ដាលឲ្យជនរងគ្រោះឈ្មោះ ថុន សុនៀវ ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិទឹកក្រហម ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត ខាតបង់ប្រាក់ចំនួន៤,០០០ដុល្លារ។ នេះបើយោងតាមផេកផ្លូវការរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានបង្ហោះ។
សមត្ថកិច្ចបានឲ្យដឹងថា ជនល្មើសជាក្រុមមានការចាត់តាំង មានគូកនច្រើននាក់ បែងចែកភារកិច្ចរៀងៗខ្លួន ធ្វើសកម្មភាពហែកគណនីធនាគារ យកទៅប្រើប្រាស់ និងទិញគណនីធនាគារ ដើម្បីផ្ទេរប្រាក់បន្ដ នៅពេលធ្វើសកម្មភាព។ ជនល្មើសបានធ្វើសកម្មភាពឆបោកប្រាក់ពីជនរងគ្រោះឲ្យផ្ទេរចូលទៅក្នុងគណនីធនាគារដែលហែកបាន រួចផ្ទេរប្រាក់បន្ដទៅគណនីដែលបានទិញជាបន្ដបន្ទាប់ទៀត ដែលមានឈ្មោះ ចាប សាវី ហៅបុក ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិពោធិ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាអ្នកប្រមូលទិញគណនីធនាគារ។
ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត បានស្នើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសុំធ្វើការសហការការស្រាវជ្រាវ ដោយតាមនីតិវិធី និងជំនាញរហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១១៖៣០នាទី កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត ដោយបានឃាត់ខ្លួនឈ្មោះ ចាប សាវី ហៅបុក ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ នៅចំណុចភូមិព្រៃព្រីង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពត ដែលជាម្ចាស់ករណី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕