ឆ្អឹងជំនីជ្រូក និងជើងជ្រូកបង្កក ចំនួន ២តោន ៣៥២ គីឡូក្រាម ត្រូវបានដុតកម្ទេចចោល
សន្តិសុខសង្គម
133

ខេត្តបាត់ដំបង៖ នាព្រឹកនៅថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ មន្រ្តីស៊ើបអង្កេតនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប. ខេត្តបាត់ដំបង សហការជាមន្រ្តីជំនាញគយចល័តតំបន់៤ ស្ថិតនៅតំបន់អូរតាគី បានធ្វើការត្រួតពិនិត្យលើឆ្អឹងជំនីជ្រូក និងជើងជ្រូកបង្កកដែលបាននាំចូល ហើយមន្រ្តីជំនាញសាខា ក.ប.ប. ខេត្តបាត់ដំបង ពិនិត្យរួចឃើញថាសាច់បង្កកនេះមានលក្ខណៈមិនសមស្របតាមស្តង់ដាសាច់បង្កកឡើយ។ នេះបើយោងតាមផេកផ្លូវការរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF ។

បន្ទាប់ពីបានធ្វើការពិនិត្យរួចឃើញថា មិនមានលក្ខណៈសមស្រប មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តបាត់ដំបង និងមន្រ្តីជំនាញគយចល័តតំបន់៤ បានធ្វើការដុតកម្ទេចចោលនូវឆ្អឹងជំនីជ្រូក និងជើងជ្រូកបង្កក ចំនួន ២តោន ៣៥២ គីឡូក្រាម តាមនីតិវិធី។

ការដុតកម្ទេចនេះស្ថិតក្រោមការសម្របសម្រួលពីលោក ទុត វីនីត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តនិងមានការចូលរួមពីមន្រ្តីជំនាញគយចល័តតំបន់៤ និងអាជ្ញាធរដែនដីផងដែរ ៕


Telegram