ខេត្តស្វាយរៀង ៖ យោងតាមផេកផ្លូវការរបស់ ផែនការងារប្រឆាំងគ្រឿងញៀន ខេត្តស្វាយរៀង បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៍ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ឈីវ អ៊ិចគង់ ព្រះរាជអាជ្ញាស្តីទីនៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចអាគារជួលក្រុមហ៊ុន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ជាលទ្ធផល ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០១នាក់ (ជនជាតិវៀតណាម) ឈ្មោះ ផាង វ៉ឹងង៉ាង ភេទប្រុស អាយុ២៤ ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅអាគារជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។
ក្នុងនោះសមត្ថកិច្ច ចាប់យកវត្ថុតាងនិងសម្ភារៈរួមមាន៖
- ម្សៅក្រាមពណ៌សថ្លាជាថ្នាំញៀនប្រភេទប្រភេទ កេតាមីនចំនួន១០ កញ្ចប់ ទម្ងន់៦២០,៣៥ក្រាម
- ថ្នាំញៀនប្រភេទMDMAទម្ងន់៧០៩,០៧ក្រាម
- ថ្នាំគ្រាប់ពណ៌ប្រផេះចំនួន២១៥ គ្រាប់
- ថ្នាំញៀនកញ្ចប់រូបនាគចំនួន២៦ កញ្ចប់
- ថ្នាំញៀនកញ្ចប់ពណ៌មាសចំនួន២៦ កញ្ចប់
- ជញ្ជីងថ្លឹងថ្នាំ ០២ គ្រឿង
- ទូរស័ព្ទដៃ ០២ គ្រឿង
- រថយន្ត ០១ គ្រឿង
ព្រមទាំង ឧបករណ៍ សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់ ៕