ក្រោយត្រូវមហាជនរិះគន់រឿង លើកស៊ីក្លូដាក់ឡាន រដ្ឋបាលខណ្ឌដូនពេញ បញ្ជាក់ថាជាស៊ីក្លូចតទុកចោល មិនឃើញម្ចាស់ យកទៅរក្សាទុកឲ្យប៉ុណ្ណោះ
សន្តិសុខសង្គម
6.69K

រាជធានីភ្នំពេញ៖ ក្រោយត្រូវអ្នកលេងបណ្តាញសង្គម ជាច្រើន ស៊ែរចែករំលែក រឿងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ លើកស៊ីក្លូដាក់លើឡាននោះ ពេលនេះរដ្ឋបាលខណ្ឌដូនពេញ ចេញសេចក្តីប្រកាសព័ត៌មាន ។

រដ្ឋបាលខណ្ឌដូនពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា ប៉ុន្មានថ្ងៃនេះ មានសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានផ្សព្វផ្សាយ និងចែកចាយព័ត៌មានអំពីវីដេអូ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌដូនពេញ លើកស៊ីក្លូយកមករក្សាទុក នៅត្រង់ចំនុចផ្លូវលេខ១១០ កែងផ្លូវលេខ១៥ ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រដ្ឋបាលខណ្ឌដូនពេញ សូមបញ្ជាក់ជូនសាធារណជន មេត្តាជ្រាបថា៖

១- ស៊ីក្លូ ដែលកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ លើកយកមករក្សាទុក គឺដោយសារមានប្រជាពលរដ្ឋបានផ្ដល់ ព័ត៌មានថា មានស៊ីក្លូ ចតទុកចោល មិនឃើញម្ចាស់។ ដូច្នេះដើម្បីរក្សាសុវត្ថិភាព និងស្វែងរកម្ចាស់ស៊ីក្លូ នៅថ្ងៃ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌបានចាត់កម្លាំងសណ្តាប់ធ្នាប់ លើកយកមករក្សាទុកនៅសាលាខណ្ឌ ដូនពេញ។

២- បន្ទាប់ពីបានយកស៊ីក្លូ រក្សាទុកនៅសាលាខណ្ឌរួចមក នៅវេលាម៉ោង ១៨:០០នាទីល្ងាច ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដដែល ម្ចាស់ស៊ីក្លូក៏បានអញ្ជើញមកទទួលស៊ីក្លូត្រឡប់ទៅវិញ ដោយពុំមានបាតុភាពណា មួយឡើយ។

សូមបញ្ជាក់បន្ថែមថា កន្លងមករដ្ឋបាលខណ្ឌដូនពេញ តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខុមាលភាព និងជីវភាពរបស់បងប្អូនដែលមានមុខរបរជាអ្នកធាក់ស៊ីក្លូ ដោយបានចុះសួរសុខទុក្ខផ្តល់អំណោយ និងរៀបចំ សម្របសម្រួលទីតាំងចំណតងាយស្រួលភ្ញៀវជាតិ ភ្ញៀវទេសចរណ៍អន្តរជាតិ ធ្វើការទំនាក់ទំនង។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជន មេត្តាជ្រាប និងបញ្ឈប់ការផ្សព្វផ្សាយចែកចាយវីដេអូខាងលើ ចៀសវាងមានការភាន់ច្រឡំ ។

ក្នុងនោះផងដែរ នៅរសៀលថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៤:៣០នាទី នៅរដ្ឋបាលខណ្ឌដូនពេញ មានបើកកិច្ចប្រជុំស្តីពីការពង្រឹងការងារ ដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌគ្រប់គោលដៅ លើការងារការពារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងអនាម័យ បរិស្ថាន ក្នុងមូលដ្ឋានខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ៕


Telegram