រាជធានីភ្នំពេញ ៖ ទុកចិត្តមិនបាន ស្គាល់មុខមិនស្គាល់ចិត្ត មិត្តភក្តិគ្នាសោះ ខ្ចីម៉ូតូមួយភ្លែត បែរជាឲ្យគេខ្ចីត មិនឃើញយកមកវិញ ខ្ចីយកទៅជិះតគ្នា បាត់ឈឹង ម្ចាស់ប្តឹងសមត្ថកិច្ចឲ្យជួយស្វែងរក ក៏ឃើញGPS តាមទៅរកម៉ូតូឃើញ ត្រូវបានគេយកមកដោះស៊ីគ្រឿងខ្ទេច ជាប់ដានទាំងអ្នកដែលមកជាមួយជនសង្ស័យជាអ្នកខ្ចីចុងក្រោយគេនោះទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួន យកទៅសាកសួរបន្ត ពេលជិះម៉ូតូនេះមកទិញថ្នាំពេទ្យ។
ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងឡើយជនរងគ្រោះជាម្ចាស់ម៉ូតូបានបាត់ម៉ូតូនេះ ពីក្នុងភូមិសាស្ត្រសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយសារពួកម៉ាក ថាសុំខ្ចីតែមួយភ្លែតទេ បែរជាឲ្យអ្នកទើបស្គាល់១ថ្ងៃ ២ថ្ងៃ ខ្ចីតទៀត យកទៅបាត់ឈឹង តែម្តង ទើបប្តឹងសមត្ថកិច្ចឲ្យជួយស្វែងរកតាមប្រព័ន្ធGPS ណាម៉ូតូបង់រំលោះទៀត។ ក្រោយមកក៏ឃើញលោតសញ្ញានៅម្តុំឃ្លាំងរំសេវ តែទៅរកមិនឃើញ ហើយក៏ឃើញលោតនៅ នៅកន្លែងទិញថ្នាំពេទ្យក្នុងសង្កាត់ទួលស្វាយព្រៃទី១ ទើបតាមមកដល់ ឃាត់បានទាំងអ្នកជិះនិងម៉ូតូជនរងគ្រោះតែម្តង ប៉ុន្តែម៉ូតូនេះត្រូវបានគេដោះស៊ីគ្រឿងស្ទើរតែអស់ទៅហើយ ។
បើតាមសម្តី របស់ជនសង្ស័យម្នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន បាននិយាយថា ខ្លួនចេញពីក្លឹបទៅដេកផ្ទះសំណាក់ ឃើញបុរសម្នាក់ ពាក់អាវលឿង ជិះមកហើយហុចសោរម៉ូតូឲ្យពួកម៉ាករបស់ខ្លួនម្នាក់ទៀត ពេលនោះជនសង្ស័យជាពួកម៉ាកនោះ បានហៅឲ្យទៅនោះជាមួយអញមួយភ្លែត ខ្លួនខំសួរទៀតថាទៅណា ជនសង្ស័យនោះក៏ឆ្លើយថា ខ្ចីម៉ូតូគេទៅទិញអីហូបនៅមុខមួយភ្លែត ក៏ព្រមទៅជាមួយហើយនិយាយថា ទៅឲ្យលឿនទៅអ៊ីចឹង អញដល់ម៉ោងទៅផ្ទះលូវហើយ លុះជិះទៅ ចេះតែឆ្ងាយទៅៗ ខំសួរទៀត អ្ហែងទៅដល់ណាឆ្ងាយម៉េស បែរជាឆ្លើយថា មិនបាច់មាត់ទេនៅឲ្យស្ងៀមទៅ ក៏មកដល់កន្លែងស៊ីគ្រឿងម៉ូតូនេះ តែម្តង ខំសួរទៀត បបួលអញមកទិញអីស៊ី ម៉េចបានមកដោះម៉ូតូចឹង ម៉ូតូអ្ហែងមែន តែវាមិនមាត់និយាយត្រឹមថា អ្ហែងនៅឲ្យស្ងៀមទៅ ហើយក៏ត្រូវម្ចាស់គេ និងសមត្ថកិច្ចចាប់ខ្លួនតែម្តង ។
ទោះបីជាយ៉ាងណា ពេលនេះជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃទី១ ឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ អែល មេសា